(កំពង់ចាម)៖ លោក ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានជំរុញឲ្យក្រុមការងាររបស់គណបក្សខ្លូន បន្ដយកចិត្ដទុក្ខដាក់ និងបំពេញតម្រូវការ របស់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងស្វែងរកនូវសុខសន្ដិភាព ជូនប្រជាជនមកទល់នឹងបច្ចុប្បន្ននេះ ។
លោក ម៉ា ឈឿន បានថ្លែងបែបនេះ ខណៈដែលចុះសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ចំនួនប្រមាណ១,០០០នាក់ ។
លោកម៉ាឈឿន បានបន្ថែមថា «សូមប្រជាពលរដ្ឋយើងទាំងអស់ ដែលមានបញ្ហា ឬទុក្ខលំបាកអ្វីមួយ សូមនិយាយមកចុះ ដូចពេលកន្លងទៅ ដែលប្រជាពលរដ្ឋយើង បានបង្ហាញពីភាពលំបាករបស់ខ្លួន មកប្រាប់យើងខ្ញុំ ហើយខ្ញុំក៏បានជួយទៅតាមសំណូមពររបស់បងប្អូនរួមមកហើយដែរ ដូច្នេះយើងជាខ្មែរដូចគ្នាត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នឹងខិតខំប្រឹងប្រែងបន្ដគ្នា ក្នុងការថែរក្សា ការពារ និងយកចិត្ដទុក្ខដាក់លើបងប្អូនយើងគ្រប់ពេលវេលា ទោះជួបនឹងគ្រោះនានារួមជាមូយនឹងគ្រោះធម្មជាតិផងដែរ »។
លោកបន្ថែមថា ហើយចាប់ពីឆ្នាំថ្មីនេះទៅ គោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលការ ជួយប្រជាពលរដ្ឋជាច្រើនបន្ថែមទៀត ទាំងតម្លៃបណ្ដាញអគ្គិសនី ទឹក សំាង ចុះថោក, ប្រជាពលរដ្ឋ ដែលគ្មានដីធ្លីរស់នៅ និងផ្ដល់ដីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈ ការអនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច, អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងគោលការណ៍សំខាន់ៗជាច្រើនទៀត ដែលនឹងជួយឲ្យស្ថានភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរបន្ថែមទៀត ៕