(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ទូទំាងប្រទេស លើកទី១ ឆ្នំា២០១៧ បានថ្លែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះថា នៅឆ្នំានេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៃគោលការណ៍លើកទឹកចិត្ត សម្រាប់មន្ត្រីអនុវត្តច្បាប់ បង្ក្រាបគ្រឿងញៀន ដោយសម្រេចផ្តល់ប្រាក់លើកទឹកចិត្ត១ម៉ឺនដុល្លារ សម្រាប់ការបង្ក្រាបបានគ្រឿងញៀនចាប់ពី១គីឡូក្រាម។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយកិច្ចប្រជុំ របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្រ្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា «ជាការលើកទឹកចិត្ត ដល់កងកម្លំាងរបស់យើង ដែលធ្វើការងារបានល្អ សម្តេចក្រឡាហោម ស ខេង លោកបានប្រកាសថា មន្ត្រីដែលចាប់គ្រឿងញៀនបាន១គីឡូក្រាម ទទួលបានរង្វាន់១ម៉ឺនដុល្លារ សម្រាប់ឆ្នំាំ២០១៧ នៃយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀន»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានមន្ត្រីអនុវត្តន៍ច្បាប់ឃាត់ខ្លួនបានជារៀងរាល់ថ្ងៃ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅឆ្នាំនេះ អ្នកប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសមានចំនួន ២០៦២១នាក់ ក្នុងនោះអ្នកប្រើគ្រឿងញៀន ដែលមិនបានទៅទទួលសេវាព្យាបាលមានចំនួន ៩០២០នាក់ ស្មើនឹង៤៥.១២ភាគរយ ខណៈអ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបានសេវាព្យាបាល មានចំនួន ១១៦០១នាក់ ស្មើនឹង៥៦.២៥ភាគរយ នៃចំនួនអ្នកញៀនសរុប៕