(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ដែលកន្លងមកសកម្ម បំពេញការងារតាមជំនាញបានល្អ រួមមាន ទាំងការរៀបចំទុកដាក់ថែរក្សាសៀវភៅ ឯកសារចាស់ៗ ហើយសៀវភៅឯកសារខ្លះ មានអាយុកាលរហូតជាង១០០ឆ្នាំមកហើយ ព្រមទាំងបានស្រាវជ្រាវអភិរក្ស សៀវភៅ ឯកសារ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងរៀបរៀងបោះពុម្ពឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ។
ការថ្លែងលើកទឹកចិត្តខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តី ដែលបម្រើការងារនៅពុទ្ធសាសនបណ្ឌិត្យ។
លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្រ្តីជំនាញ បានជម្រាបរាយការណ៍ឲ្យដឹងអំពីសកម្មភាពការងារថា ពុទ្ធសាសនបណ្ឌិត មានមន្រ្តីក្របខណ្ឌចំនួន១៤រូប មន្រ្តីចុះមកធ្វើកម្មសិក្សា៥រូប, បុគ្គលិកកិច្ចសន្យា៥រូប និងអ្នកហាត់ការដោយស្ម័គ្រចិត្តមួយចំនួនទៀត។ ពុទ្ធសាសនបណ្ឌិត មាន៥ការិយាល័យការងារ៖ ការិយាល័យបណ្ណាល័យ, ការិយាល័យក្រុមជុំនំទំនៀមទម្លាប់, ការិយាល័យអភិរក្សឯកសារវប្បធម៌ និងសាសនា, ការិយាល័យពត៌មានវិទ្យា និងការិយាល័យរដ្ឋបាលសរុប។
លោកថា ពុទ្ធសាសនបណ្ឌិត្យ ដែលមានដំណើរការងារល្អ គឺអាស្រ័យដោយមានប្រភព ឧបត្ថម្ភពីថវិការដ្ឋ, មូនិធិ និងថវិកាដែលសប្បុរសជន ទាំងក្នុងទាំងក្រៅប្រទេសបានជួយឧបត្ថម្ភ ជាក់ស្តែង អង្គការមូនិធិ ពុទ្ធសាសនាជប៉ុន «រីហ្សូកូសីកៃ» ដែលកន្លងមក បានជួយឧបត្ថម្ភកសាងអាគារពុទ្ធសាសនបណ្ឌិត ជួយដល់សកម្មភាពការងារបណ្ណាល័យ កិច្ចការបោះពុម្ពផ្សាយមួយចំនួន និងកិច្ចការរដ្ឋបាលផងខ្លះផងដែរ...។
សម្តេចក៏មានការចាប់អារម្មណ៍ចំពោះការរៀបចំ កន្លងមករបស់ពុទ្ធសាសនបណ្ឌិត្យ ដែលផ្តល់ឱកាសជូន ក្រុមអ្នកដែលស្រឡាញ់ ចូលចិត្តការស្រាវជ្រាវតែងនិពន្ធសៀវភៅ ឬអត្ថបទ អំពីវប្បធម៌ សាសនា ប្រពៃណី ទំនៀមទំលាប់ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត អក្សរសិល្បិ៍ បុរាណវិទ្យា... ជាដើម ឲ្យមកធ្វើបឋកថា បង្ហាញពីស្នាដៃស្រាវជ្រាវ តែងនិពន្ធរបស់ខ្លួនជូនដល់សាធារណជន។
នៅក្នុងឱកាសនោះ សម្តេចបានសម្រេចឧបត្ថម្ភ១០លានរៀល ក្នុង១ឆ្នាំ សម្រាប់បន្តការងារទៅមុខនេះទៀត។ សម្តេចក៏បានផ្តល់ការឧបត្ថម្ភ ជូនមន្រ្តីបុគ្គលិក ពុទ្ធសាសនបណ្ឌិត្យ ទៅធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ ដែលស្ថិតនៅតំបន់អភិរក្សស្ថានីយ៍ឡស្លដែកបុរាណ សន្លុងប្រឡាយដូនណាង ដែលជាស្ថានីយ៍បុរាណវិទ្យា ស្ថិតនៅឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ នាដើមខែមេសាខាងមុខនេះ និងបានឧបត្ថម្ភ៤.០០០.០០០ រៀល សម្រាប់ការងារនៅពុទ្ធសាសនបណ្ឌិត្យ៕