(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យមន្រ្តី បុគ្គលិក ដែលធ្វើការនៅគ្រឹះស្ថានអង្គរ និងកងកម្លាំងសមត្ថកិច្ចសហការ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់សេវា និងបដិសណ្ឋាកិច្ច ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងឱកាសពិសាអាហារសាមគ្គី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃគ្រឹះស្ថានអង្គរ កម្លាំងសមត្ថកិច្ចសហការ ជាង៤០០នាក់ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេចតុមុខ ក្រុងសៀមរាប។
លោក លី សែ នាយកប្រតិបត្តិនៃគ្រឹះស្ថានអង្គរ បានឲ្យដឹងថា បច្ចុប្បន្ន គ្រឹះស្ថានអង្គរមានថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សរុប៣៥៤រូប ក្នុងនោះមានស្ត្រី១៤០រូប។ ដែលមានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ អង្គភាពលក់បណ្ណ អង្គភាពត្រួតពិនិត្យ និងអង្គភាពបន្ទប់ទឹក និងបង្គន់អនាម័យ។
លោករដ្ឋមន្ត្រីបានកោតសរសើរ និងលើកទឹកចិត្តឱ្យស្ថាប័នគ្រឹះស្ថានអង្គរ និងកងកម្លាំងសមត្ថកិច្ចសហការ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់សេវា និងបដិសណ្ឋាកិច្ច ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាពខ្ពស់ជាបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
លោកបានជំរុញឲ្យបុគ្គលិកធ្វើការក្នុងគ្រឹះស្ថានអង្គរទាំងអស់ ត្រូវខិតខំរៀនភាសាទំនាក់ទំនង (communication languages) ឱ្យបានច្រើនភាសា និងជំនាញបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបឱ្យបាននឹងទីផ្សារធំៗ ដែលកំពុងកើនឡើង។
ជាមួយគ្នានោះ រដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់យោបល់សុំឱ្យនាយកប្រតិបត្តិ រិះរកបង្កើតកម្មវិធីជារង្វាន់ឆ្នោតពិសេសដល់ទេសចរ ដើម្បីទាក់ទាញទេសចរ នាពេលខាងមុខផងដែរ៕