(ភ្នំពេញ)៖ លោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បានបញ្ជារឲ្យក្រុមការងារ សំណង់ខណ្ឌសហការជាមួយ អាជ្ញាធរសង្កាត់និរោធចុះផ្អាក និងឈានទៅឲ្យម្ចាស់សំណង់រុះរើ ការសង់ផ្ទះបន្ថែមក្រោម សំយ៉ាបផ្ទះដោយខុសច្បាប់ ថែមទាំងសង់លើចំណីផ្លូវបេតុង ដែលកំពុងរៀបចំដាក់ប្រព័ន្ធលូ និងចិញ្ចើមផ្លូវ។
លោក ស្រេង គឹមស្រ៊ន ប្រធានការិយាល័យអន្តរវិស័យសាលាខណ្ឌច្បារអំពៅ ដែលដឹកនាំកម្លាំងជំនាញចុះទៅផ្អាក ការសាងសង់ផ្ទះបន្ថែមដោយខុសច្បាប់ បានឲ្យដឹងថា ទីតាំងសំណង់ដែលមានម្ចាស់ផ្ទះឈ្មោះ ង៉ូវ កាង មានទីតាំងជាប់ ផ្លូវបេតុងឫស្សីស្រស់កែងផ្លូវជាតិលេខ១ ត្រូវបានក្រុមការងារសំណង់ខណ្ឌច្បារអំពៅ បានមកហាមឃាត់ ចំនួន៣លើកមក ហើយ តែម្ចាស់ផ្ទះមិនព្រមស្តាប់ថែមទាំងលួចសាងសង់ ជារៀងរហូតដោយពុំគោរពតាមការណែនាំ របស់សាលាខណ្ឌ បន្តិចសោះឡើយ។
លុះដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាឲ្យក្រុមការងារ ចុះទៅផ្អាកសកម្មភាព ជាបន្ទាន់ហើយក្នុងនោះ លោកអភិបាលខណ្ឌនឹងបង្ខំឲ្យរុះរើការសាងសង់ផ្ទះបន្ថែមនៅលើដីចំណី ផ្លូវ និងម្យ៉ាងទៀត សង់ប៉ះចំលើដីដែលសាលារាជធានីភ្នំពេញទុកជីកដាក់ប្រព័ន្ធលូបង្ហូរទឹកមុខកាត់៨តឹកនិងចិញ្ចើមផ្លូវ សំរាប់ឲ្យអ្នកថ្មើរជើង ធ្វើដំណើរចំនួន២ម៉ែត្រទៀតផង។
លោក ស្រេង គឹមស្រ៊ន បានបន្តថា ផ្លូវកោះនរានេះត្រូវបានបើក ការដ្ឋានស្ថាបនានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ដោយសាលារាជធានីភ្នំពេញ ចេញថវិកាទាំងស្រុងដែលផ្លូវនេះ មានទទឹង១២ម៉ែត្រ និងបណ្តោយ៣៤៦០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមមុខអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយន្ត ប្រសព្វ តាមដងទន្លេមេគង្គក្រោមឆ្ពោះមកចេញ នៅមុខវត្តនិរោធឆ្លងកាត់ ភូមិចំនួន២ គឺភូមិកោះនរា និងភូមិឫស្សីស្រស់។
លោកប្រធានការិយាល័យអន្តរវិស័យបានបន្តថា ក្នុងពេលស្ថាបនាផ្លូវនេះ សាលារាជធានីភ្នំពេញក៏ដូចជាសាលាខណ្ឌមានជ័យក្នុងរជ្ជ កាលមិនទាន់បំបែកខណ្ឌជា២ គឺបានចេញសេចក្តីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំង២ភូមិដែលមានលំនៅដ្ឋានជាប់ ផ្លូវបេតុងនេះឲ្យថយរបងចំងាយ៣ម៉ែត្រ សំរាប់ជីកដាក់ប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចើមផ្លូវហើយក្នុងនោះបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំបានស្ម័គ្រចិត្តរុះរើ បងថយក្រោយក្នុងនោះក៏មានព្រះសង្ឃវត្តឫស្សីស្រស់ និងមណ្ឌលសុខភាព និរោធបានថយ ហើយមួយចំនួនបានលុងខ្លួនជឿតាមការញុះញង់ ពីអ្នកដើរបំផុសឲ្យប្រជាពលរដ្ឋទាមទារគោលនយោបាយ ពីរដ្ឋដោយភ្លេច ខ្លួនថាការបន្ថយរបងនេះ សំរាប់ជីកដាក់ប្រព័ន្ធលូនិងចិញ្ចើមផ្លូវរួមទាំងបង្គោលភ្លើងបំភ្លឺដើម្បីទប់ស្កាត់អំពើចោរកម្មនោះទេ។
ដោយឡែក លោក អ៊ុង រ៉ូន ចៅរងសង្កាត់ទី១ និរោធ បានឲ្យដឹងថាបច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋទាំង២ ភូមិស្ថិតនៅអមសង្ខាង ផ្លូវបេតុងនេះ ក៏ដូចជាអ្នកភូមិរស់នៅខាងក្រោយ បាននឹងកំពុងជួបការលំបាកក្នុងពេលរដូវភ្លៀងធ្លាក់ត្រូវជន់លេចផ្ទះសំបែង ព្រោះតែគ្មានប្រព័ន្ធលូបង្ហូរទឹកនេះឯង ហើយរាល់វេទិការសាធារណៈ បងប្អូនប្រជាពលរដ្ឋទាំង២ ភូមិស្មើ និង៨០០០គ្រួសារ បានទទូចសុំមកអាជ្ញាធរ ឲ្យជួយធ្វើប្រពន្ទ័លូបើពុំដូច្នោះទេ ពួកគាត់នឹងជួបគ្រោះថ្នាក់ ដូចជាកូនក្មេងតូចៗព្រមទាំងចាស់ៗ ត្រូវលង់ទឹក និងម៉្យាងទៀតសត្វពិសមកចឹកក៏មានដែរ។
ក្នុងថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋនឹងដាក់ពាក្យ បណ្តឹងទៅក្រសួងដែនដី និងសំណង់សុំឲ្យលោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជួយអន្តរាគមន៍ឲ្យម្ចាស់ ផ្ទះឈ្មោះង៉ូវ កាង ធ្វើការរុះរើផ្ទះសង់បន្ថែម របស់ខ្លួនចេញដើម្បីឲ្យអាជ្ញាធរបានធ្វើប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចើមផ្លូវទៅតាម បញ្ចេកទេស។
ក្នុងនោះបងប្អូនប្រជាពលរដ្ឋ បានរៀបចំធ្វើសំណើទៅអភិបាលរាជធានីភ្នំពេញ សុំដាក់ភ្លើងបំភ្លឺផ្លូវសំរាប់ឲ្យអ្នក ធ្វើដំណើរពេលយប់ បានធ្វើដំណើរមានភាពងាយស្រួលផងដែរ៕