(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់ក្នុងសហគមន៍សំរោងមានជ័យ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខចំនួន៩០គ្រួសារ មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ក្រោយទទួលបានបង្កាន់ដៃក្បាលដី លើដីដែលពួកគាត់កំពុងកាន់កាប់ត្រឹមត្រូវ ដើម្បីសុំការសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋភិបាល ក្នុងការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នៅពេលក្រោយ។
ពិធីប្រគល់បង្កាន់ដៃក្បាលដីខាងលើ ធ្វើឡើងក្រោមវត្តមានដោយ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីផ្ដល់ភាពស្របច្បាប់ជូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីជាប្រយោជន៍សម្រាប់រយៈពេលយូរអង្វែង តាមសំណើរបស់លោកចៅសង្កាត់ឃ្មួញ ដែលតែងតែខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋជារឿយៗមក។
លោក អ៊ុច សម្បត្តិ ចៅសង្កាត់រង បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង៩០គ្រួសារ ដែលទទួលបង្កាន់ដៃនៅពេលនេះ ក្នុងមួយគ្រួសារនឹងទទួលបានដីទំហំ ៣៦ម៉ែត្រការ៉េ។
លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវរួមគ្នាបញ្ចៀសកុំឲ្យពាក់ព័ន្ធនឹងគ្រឿងញៀន ផ្ដាំផ្ញើដល់កូនក្មួយណាដែលប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែជាបន្ទាន់។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៩០គ្រួសារ ដែលមកទទួលបង្កាន់ដៃលេខរៀងនេះ គឺពួកគាត់ រស់នៅស្របច្បាប់ តាំងពីការតាំងលំនៅដ្ឋាននា អំឡុងឆ្នាំ២០០២ និង២០០៣ ហើយមកធ្វើនៅលើប្រឡាយទឹកស្អុយតែម្តង ដោយមើលឃើញពីទុក្ខលំបាកបែបនេះ ទើបចៅសង្កាត់ឃ្មួញ សម្រេចរៀបចំឲ្យមានលក្ខណៈស្រួលបួល ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់ឲ្យរស់នៅស្របច្បាប់តែម្តង។
នៅព្រឹកថ្ងៃដដែលនេះចៅសង្កាត់ភ្នំពេញថ្មី ក៏បានដឹកនាំក្រុមមន្ត្រីដុសលាងសម្អាតផ្លូវសម្ដេច ជា ស៊ីម និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខណ្ឌផងដែរដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ។