(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាចូលរួមរក្សាសន្តិសុខ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូល មកដល់នៅពេលខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ ក៏សូមចេញសារពីទីនេះ ដោយអំពាវនាវ ចំពោះប្រជាពលរដ្ឋ អំពាវនាវចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ធ្វើសកម្មភាពព្រមៗគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ឆ្លងពីឆ្នាំវករអដ្ឋស័ក ពុទ្ធសករាជ្យ ២៥៦០ ឈានចូលឆ្នាំរការ»។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន៣ខ្នង ដែលមានកម្ពស់៣ជាន់ ស្មើនឹង៤៨បន្ទប់ នៅវិទ្យាល័យ «ហ៊ុន សែន ក្រចេះក្រុង» ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
ទន្ទឹមនឹងការអំពាវនាវឱ្យ ប្រជាពលរដ្ឋរក្សាសន្តិសុខនាឱកាសបុណ្យចូលឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវ ដល់អ្នកនយោបាយ ផ្អាកនូវការវាយប្រហារគ្នា ដើម្បីបង្កបរិយាកាសរីករាយដល់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «រដូវចូលឆ្នាំ ត្រូវតែជារដូវដែលសប្បាយរីករាយ មិនមែនជារដូវ ត្រូវជេរបញ្ចោរគ្នានោះទេ»។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរ ដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពាក់កណ្តាលខែមេសា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទម្លាក់ថវិកា ប្រមាណ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន ហែន៖