(ព្រះវិហារ)៖ ហេតុភេទដ៏ព្រឺព្រួចមួយនៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ អាចនិយាយថា ជារឿងមួយចម្លែក ដោយសារសត្វពស់ពិសមួយក្បាល បានចឹកមនុស្សនៅឯក្នុងព្រៃពេលថ្ងៃហើយ ដល់ពេលយប់បែរជាវារមករកផ្ទះជនរងគ្រោះទៀត។
ក្រោយនាំអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះរួចមក អភិបាលស្រុកសង្គមថ្មី លោក រស់ ហេង ក៏បានដឹងរឿងរ៉ាវ ហើយបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅព្រៃ ដើម្បីកាវកង្កែបតាមរន្ធយកមកធ្វើម្ហូបចៃដន្យអី ក៏លូកចំរន្ធពស់ ពស់នោះក៏ចឹកជនរងគ្រោះតែម្ដង។ ក្រោយពស់ចឹក ជនរងគ្រោះក៏រត់មកផ្ទះវិញ ហើយបានព្យាបាលមានគ្រូស្តោះផ្លុំតាមបែបបុរាណ តែពុំធូរស្បើយសោះ ក្រុមគ្រួសារក៏បាននាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
តែជាអកុសល ដោយសារជាតិពិសជ្រាបចូលក្នុងខ្លួនខ្លាំង គ្រូពេទ្យមិនអាចជួយបានជនរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិតទៅ។ លុះដល់ពេលយប់ឡើង ស្រាប់តែសត្វពស់ដែលចឹកជនរងគ្រោះស្លាប់នោះ បានវារមករកផ្ទះជនរងគ្រោះ តែត្រូវអ្នកភូមិដែលកំពុងជិះម៉ូតូតាមផ្លូវ បានឃើញ ក៏វាយងាប់បាត់ដែរទៅ។
ករណីចៃដន្យនេះលោកអភិបាលស្រុកមិនដឹងច្បាស់ថា ហេតុអ្វីបានជាសត្វពស់នេះ ក្រោយពីចឹកជនរងគ្រោះរួច បែរជាមករកជនរងគ្រោះនៅផ្ទះទៀត ប៉ុន្តែអ្នកភូមិខ្លះនិយាយថា ប្រហែលគ្រូស្តោះមានមន្តអាគមហៅពស់មកវិញ។
បុរសរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញ៉ែម វឿត អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមានប្រពន្ធ និងកូនក្នុងបន្ទុក៤នាក់ ដោយឡែក សត្វពស់ដែលចឹកនោះត្រូវអ្នកស្រុកហៅថា ពស់ក្រាយ អ្នកខ្លះទៀតហៅថា ពស់បង្កង់។
តែទោះជាយ៉ាងណា លោកអភិបាលស្រុក ក៏បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋដែលជួបបញ្ហា ដោយសារពស់ចឹក ត្រូវប្រញាប់ទៅរកពេទ្យឲ្យបានទាន់ពេលវេលា ហើយលោកក៏បានប្រគល់អំណោយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ៕