(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ នាយកដ្នានគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិចិន៤នាក់ (ស្រីម្នាក់) ទៅតុលាការដើម្បីកាត់ទោស បន្ទាប់ពីត្រូវបានបង្ក្រាប ក្នុងករណីបង្ខាំងស្រ្តីរងគ្រោះជាជនជាតិដូចគ្នា ហើយបានគំរាមប្តីរបស់នាងឲ្យផ្ញើប្រាក់ ចំនួន២០ម៉ឺនដុល្លារ មកឲ្យពួកគេ។
ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងនគរបាលនាយកដ្នានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលវរៈការពារព្រំដែន៩១១ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ តែទើបបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ។
របាយការណ៍របស់នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានស្រ្តីជនជាតិចិនម្នាក់ (ជនរងគ្រោះ) ត្រូវបានក្រុមជនសង្ស័យ៤នាក់ អន្ទងឲ្យមកលេងស្រុកខ្មែរ លុះពេលជនរងគ្រោះមកដល់ ពួកគេបានបបួលនាងទៅលេងល្បែងស៊ីសង នៅកាស៊ីណូក្រុងប៉ោយប៉ែត ស្រាប់តែចាញ់អស់ប្រាក់ជាង៣០ម៉ឺនដុល្លារអាមេរិក។
ក្រោយចាញ់ល្បែងអស់ប្រាក់ជាង៣០ម៉ឺនដុល្លារហើយ ក្រុមជនសង្ស័យបានបង្ខាំងជនរងគ្រោះទុកនៅក្នុងសណ្ឋាគារ ពេលមួយនោះប្តីនាង បានឆាតតាមហ្វេសប៊ុកទាក់ទងចុះឡើងៗ ត្រូវជនសង្ស័យគំរាមទារប្រាក់ជាង២០ម៉ឺនដុល្លារ ដើម្បីធ្វើការដោះលែងស្រ្តីជាប្រពន្ធវិញ។ ដោយដឹងច្បាស់ថា ប្រពន្ធត្រូវធ្លាក់ក្នុងអន្ទាក់ ក្រុមជនចាប់ជំរិតភ្លាម បុរសជាប្តីបានធ្វើដំណើរមកស្រុកខ្មែរ ហើយក៏បានទាក់ទងតាមលំដាប់លំដោយ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងបានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។
បន្ទាប់ពីមានពាក្យបណ្តឹង នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នេត សាវឿន បានដាក់បទបញ្ជាទៅអគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យប្រើប្រាស់កម្លាំងជំនាញ ចុះទៅជាបន្ទាន់ដើម្បីក្រសោបជនសង្ស័យ និងរំដោះជនរងគ្រោះ។ ពេលនោះ លោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង សហការជាមួយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចេញទៅសហការជាមួយស្ថាប័នពាក់ព័ន្ធ រហូតចាប់ជនសង្ស័យ រួមទាំងរំដោះជនរងគ្រោះមកវិញផងដែរ។
នៅព្រឹកថ្ងៃទី២៥ ខែមីនា នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានរៀបចំសាកសួរយកចម្លើយជនសង្ស័យ និងស្តាប់ការបំភ្លឺពីជនរងគ្រោះ។ ជនសង្ស័យ១.ឈ្មោះ SUN TAO ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះនេះជាមេក្លោងរៀបចំគំរោង បង្ខាំងជនរងគ្រោះដើម្បីជំរិតទារប្រាក់ ២.ឈ្មោះ WANG ZUCHAO ភេទប្រុស អាយុ៤៧ឆ្នាំ ៣.ឈ្មោះ ZHU LiULiN ភេទប្រុស អាយុ៤៤ឆ្នាំ (២នាក់នេះជាអ្នកយាមមុខបន្ទប់បង្ខាំងជនរងគ្រោះ និង៤.ឈ្មោះ CHENG AiZHEN ភេទស្រី អាយុ៦២ឆ្នាំ (ជាអ្នកនៅជាមួយជនរងគ្រោះ ដើម្បីផ្គត់ផ្គង់បាយទឹក)។ ចំណែកជនរងគ្រោះឈ្មោះ YANG FANG ភេទស្រី អាយុ៣៨ឆ្នាំ៕