(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូចុះសំណេះសំណាល និងឧបត្ថម្ភថវិកាចំនួន២លានរៀល គ្រឿងឧបភោគ-បរិភោគមួយចំនួន ចែកជូនកងវិស្វកម្មវិស្វកម្មកងទ័ពជើង ដែលកំពុងសាងសង់ផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង៦,៥០០ម៉ែត្រ នៅស្រុកពារាំង ខេត្តព្រៃវែង។
ការចុះដល់កន្លែងការងារផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពី នាយឧត្តមសេនីយ៍ និងប្រតិភូ បញ្ចប់សកម្មភាពចុះជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងវិស្វកម្មកងទ័ពជើងគោក នៅការដ្ឋានស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកមិញ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បាននាំយកនូវថវិកាចំនួន ២,០០០,០០០រៀល មីម៉ាម៉ាថៃចំនួន៧កេសធំ ប៊ីចេងចំនួន១០គីឡូក្រាម ទឹកត្រីចំនួន៦យួរ ទឹកស៊ីអ៊ីវចំនួន៦យួរ សៀងចំនួន៣០គីឡូក្រាម ត្រីខកំប៉ុងចំនួន៤កេស ជូនដល់កងទ័ពខាងលើ៕