(កណ្ដាល)៖ ប្រជាពលរដ្ឋមូលដ្ឋាននៅក្នុង ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលរាប់រយគ្រួសារ បានថ្លែងនូវការសាទរយ៉ាងពេញទំហឹងនិងអរគុណ ចំពោះរាជរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បន្តការងារកសិកម្មដាំដុះដំណាំស្រូវ ក្រអូបបែបធម្មជាតិដែលសកម្មភាព នេះជាការជម្រុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្បែរតំបន់អភិវឌ្ឍន៍ ទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមទៀតដូចជាការផ្ដល់ស្រូវពូជ ផ្ដល់ទឹក ជួយភ្ជួររាស់ពីសំណាក់ក្រុមហ៊ុន ដោយមិនគិតកំរ៉ៃ ជារៀងរាល់ឆ្នាំព្រមទាំងផ្ដល់បច្ចេកទេស និងបទពិសោធន៍ផ្សេងៗទៀត នៅក្នុងការដាំដុះដំណាំ ស្រូវធម្មជាតិនេះ។
លោក អ៊ុង ពឿន ជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិដងគោម ឃុំកំពង់អុស បានលើកឡើងនៅក្នុង ការចុះពិនិត្យមើលសកម្មភាពសាបព្រួសស្រូវរបស់ ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដើម្បីទទួល បាននូវបទពិសោធន៍ផ្សេងៗ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នេះថា រូបគាត់គឺជាគ្រួសារកសិករ មានមុខរបរ ជាអ្នកធ្វើស្រែតាំងពីដូនតាមកហើយភាគច្រើន ធ្វើកសិកម្មដំណាំស្រូវនេះទៅតាមទម្លាប់ដែលជាហេតុធ្វើឲ្យពួកគាត់ទទួលបាននូវទិន្នផលស្រូវទាប។
លោកបានបន្តថា ក្រោយពីមានក្រុមហ៊ុនអភិវឌ្ឍន៍ វិស័យកសិកម្មនៅទីនេះ រូបគាត់ក៏ដូចជាគ្រួសារជាច្រើនទៀតដែរ បានថ្លែងនូវការសប្បាយរីករាយ យ៉ាងខ្លាំង ពិសេសអរគុណចំពោះ រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៍ឈ្លាសវៃ ដែលតែងតែគិតគូរ សុខទុក្ខប្រជាពលរដ្ឋជាធំ ហើយជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បន្តការងារកសិកម្ម ដំណាំស្រូវនៅឃុំ កំពង់អុសនេះ ពីព្រោះពួកគាត់តែងតែទទួលបានអត្ថប្រយោជន៍ពិតៗ ជាច្រើនដូចជា ការទទួលបានទឹកស្រូវពូជភ្ជួររាស់រាល់ឆ្នាំពីក្រុមហ៊ុនដោយ មិនគិតថ្លៃ សូម្បីតែមួយកាក់មួយសេនណាឡើយដែលធ្វើឲ្យពួកគាត់ជម្រុញការដាំដុះដំណាំស្រូវប្រាំងបានពីរដងក្នុងមួយឆ្នាំ ជាពិសេសការទទួលបាន នូវបច្ចេកទេស និងបទពិសោធន៍ផ្សេងៗ លើការងារកសិកម្មដើម្បីទទួលបានទិន្នផលខ្ពស់ ។
ចំណែកលោកសំ ហៃ ជាកសិកររស់នៅក្នុងភូមិកំពង់អុស ឃុំកំពង់អុសនេះដែរ បានលើកឡើងថា ក្រោយពីមានក្រុមហ៊ុន អេង ឌី ប៉ូអភិវឌ្ឍន៍ បានចូលមកអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មជាង១០ឆ្នាំមកហើយ នៅទីនេះ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់អុស ទទួលបានអត្ថប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានដូចជាសមិទ្ធិផលនានាជាច្រើន មានស្ពានចំនួន២កន្លែង ការជួយសាងសង់របងសាលាបឋមសិក្សាកំពង់អុស សាលាបុណ្យ ការស្ថាបនាផ្លូវចូលទៅស្រែ នឹងរួមជាមួយសមិទ្ធផល មួយចំនួនទៀតនៅក្នុងវត្តអារាម ផងដែរ។
ក្រៅពីការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋឃុំកំពង់អុស ក៏ទទួលបាននូវបច្ចេកទេស បទពិសោធន៍ ពូជស្រូវ និងទឹកប្រើប្រាស់ជា រៀងរាល់ឆ្នាំពីក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ដំណំាស្រូវយ៉ាងស្ទាត់ជំនាញ ហើយជាពិសេសថែមទៀតនោះ គឺការចូលរួមអបអរសាទរ ចំពោះរាជរដ្ឋភិបាល ដែលតែងតែគិតគូរក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងបានអនុញ្ញាតឲ្យក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បន្តការងារកសិកម្មដំណាំស្រូវនៅទីនេះ គឺជាការជម្រុញឲ្យប្រជាពលរដ្ឋ ទទួលបទពិសោធន៍កាន់តែច្រើន ដែលជាដៃគូរយ៉ាងសំខាន់មិនអាចខ្វះបានដើម្បីបង្កើនការងារកសិកម្មទទួល បានទិន្នផលខ្ពស់ដែលស្របតាមទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជាចង់បានបំផុត៕