(ក្រចេះ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនានេះ បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរថ្នាក់ ក្រោមជាតិ និងមន្ត្រីអប់រំ ចុះឲ្យពិនិត្រមើលជាប្រចាំ នៅអគារសិក្សានៅតាមសាលានានា ប្រសិនបើមានសភាពទ្រុឌទ្រោមនោះ ត្រូវធ្វើការជួសជុល ឡើងវិញជាន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ចំពោះសិស្សានុសិស្ស និងគ្រូបង្រៀនផងដែរ។
ថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន៣ខ្នង ដែលមានកម្ពស់៣ជាន់ ស្មើនឹង៤៨បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រចេះក្រុង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅខ្ញុំក៏បានអំពាវានាវ ដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ និងមន្ដ្រីផ្នែកអប់រំ ឲ្យពិនិត្យឡើងវិញជាមួយនឹង បណ្ដាលអគារសិក្សាទាំងឡាយណា ដែលនូវក្របខ័ណ្ឌទូទាំងប្រទេស ដែលមិនគួរឲ្យសិស្សរៀនតទៅទៀត ត្រូវឲ្យអាទិភាព ទៅលើការរៀបចំកសាងឡើងវិញនៅអគារទាំងនោះ»។
ជាមួយគ្នានេះដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក៏បានលើកឡើងនៅ បទពិសោធន៍របស់សម្ដេចដែលបានជួបប្រទះនូវអគារ សិក្សាចំនួនពីរខ្នង ដែលមានសភាពទ្រុឌទ្រោម ហើយត្រូវបានធ្វើការសាងសងរួចមុនគេ ដែលអគារទីមួយនៅកណ្ដាលក្រុងកំពង់ចាម ក្នុងវិទ្យាល័យបឹងកុក និងទីពីរអគារសិក្សានូវវិទ្យាល័យ ហ៊ុន សែន ក្រចេះក្រុងនេះតែម្ដង ដែលអគារទាំងនោះមានសភាពទ្រុឌទ្រោមគួរឲ្យខ្លាច ដែលមិនគួរឲ្យមានស្ថានភាពបែបនេះ នៅបន្ដបានឡើយ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តចុះតាមខេត្តពាក់ កណ្តាលឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ន សែន បានផ្ដល់អគារសិក្សាថ្មីចំនួន ៣៦៨ខ្នង ស្មើនឹង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនឹង ១០១បន្ទប់ សាលប្រជុំ ៣ខ្នង និងផ្ទះគ្រូ ២ជាន់ ចំនួន ៥៩ខ្នង មាន ៦២០បន្ទប់។
លោក ហង់ ជួនណារ៉ុន បានឲ្យដឹងដែរថា គិតមកដល់ខែមីនា ឆ្នាំ២០១៧នេះ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមានចំនួនសរុប ៤,១៤០ខ្នង ស្មើនឹង ២៤,១០៥បន្ទប់ ក្នុងនោះវិទ្យាល័យ ១,២១១ ស្នើនឹង ៨,០៣១បន្ទប់ អនុវិទ្យាល័យចំនួន ៥០៨ខ្នង ស្មើនឹង ២,៨៧៨បន្ទប់ និងបឋមសិក្សាចំនួន ២,៤០៦ខ្នង ស្មើនឹង១២,៩៩៥បន្ទប់ ដោយរួមបញ្ជូលអគារសិក្សាចំនួន ៣,៦១២ខ្នង ទីចាត់ការ ២៩០ខ្នង អគារស្នាក់នៅចំនួន ៧៨ខ្នង អគារកាត់ដេរចំនួន ១៣០ខ្នង សាលាមតេយ្យសិក្សាចំនួន ៥ខ្នង និងសាលសហសិក្សាចំនួន១០ខ្នង៕