(ក្រចេះ)៖ ពីខេត្តក្រចេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន៣ខ្នង ស្មើ ៤៨បន្ទប់ នៅវិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានស្លាកសញ្ញាទេវតាបាចផ្កា។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព និងដើម្បីបន្តទទួលបាននូវការអភិវឌ្ឍប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ និងនៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជន ហើយសង្ឃឹមថា ប្រជាជននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៅទៀត។ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតដើម្បីធានារក្សាសន្តិភាព បោះដើម្បីធានាការអភិវឌ្ឍជាបន្តទៀត»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយធំជាងគេនៅកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាតាំងពីថ្ងៃរំដោះ ប្រទេសចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។
ចាប់តាំងពីកម្ពុជាបានផ្លាស់ប្តូររបបពីរដ្ឋកម្ពុជា មកជារបបរាជានិយម កម្ពុជាប្រជាធិបតេយ្យ សេរីពហុបក្ស ក្រោយថ្ងៃចរចាសន្តិភាព២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីស នឹងរៀបចំឲ្យមានការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត ថ្នាក់ជាតិនាឆ្នាំ១៩៩៣ តែម្តងគត់ នៅអាណត្តិ បន្តបន្ទាប់គណបក្សនយោបាយដ៏ធំមួយនេះនៅតែបន្តយកឈ្នះ និងបានដឹកនាំ ប្រទេសកម្ពុជាជាបន្តបន្ទាប់។
ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនត្រូវបានគេមើលឃើញថា រុញច្រើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍឲ្យរីក ចម្រើនលូតលាស់ ជាបន្តបន្ទាប់។ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា នៅតែបន្តរក្សាបានកំណើន សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៧ភាគរយ ជាប់ជាប្រចាំ ដែលនាំឲ្យមានកោតស្ងប់ស្ញែងពីបណ្តាថ្នាក់ដឹកនាំនៅពិភពលោក ហើយបានមើលឃើញដែរថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា នឹងនាំមកនូវសុខសន្តិភាព និងបន្តការអភិវឌ្ឍ ទៅមុខកាន់តែខ្លាំងថែមទៀត៕