(ក្រចេះ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់គណបក្ស នយោបាយ ដែលចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាខែមិថុនា ខាងមុខ ត្រូវចៀសវាងការឃោសនាបង្អាប់ ឬតិះទៀន គណបក្ស នយោបាយដទៃ ដើម្បីរក្សានូវបរិយាកាសល្អនៃការបោះឆ្នោត ក៏ដូចជាបញ្ចៀសជម្លោះពាក្យសម្តីនាំឲ្យបែកបាក់ក្នុងសង្គមខ្មែរ។
ការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាចំនួន ៣ខ្នង ស្មើនិង ៤៨បន្ទប់ នៅវិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង ស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។ ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើនៅចំពេលដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ដើម្បីបញ្ចៀសបាននូវការជេរបញ្ចោរគ្នាក្នុងសង្គមខ្មែរ ក៏ដូចជាការក្សាបានបរិកាសបោះឆ្នោតមួយដ៏ល្អប្រសើរ ដោយយុត្តិធម៌ និងគ្មានអំពើហិង្សា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគ្រប់បក្សនយោបាយត្រូវជ្រើសយក វិធីឃោសនាបក្សតាមរបៀបអ្នកឃោសនាពាណិជ្ជកម្ម ពោលគឺឃោសនាអួតសរសើរតែបក្សខ្លួនឯង ហើយចៀសវាងការឃោសនាបង្អាប់បក្សដទៃ។
សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវយ៉ាងដូច្នេះ «អំពាវនាវឲ្យគ្រប់បក្សនយោបាយទាំងអស់ធ្វើសកម្មភាពដោយគោរពនូវក្រមសីលធម៌ យើងត្រូវ យកអ្នកឃោសនាពាណិជ្ជកម្មធ្វើជាគំរូ។ អ្នកឃោសនាពាណិជ្ជកម្ម គឺគ្រាន់តែឃោសនាអំពីទំនិញរបស់ខ្លួនតែប៉ុណ្ណោះ តែគេមិនបានបន្ទោស បង្អាប់នូវទំនិញអ្នកដទៃទេ។ ការបន្ទោសបង្អាប់ទំនិញអ្នកដទៃ ឬបេក្ខជន នៃបក្សដទៃវានឹងនាំទៅដល់ជម្លោះចៀសមិនផុត ព្រោះអ្នកទទួល នូវការប្រមាថ អ្នកដែលទទួលនូវការជេរ លាភពណ៌ពិតជាគេមិនសុខចិត្ត ហើយគេប្រើប្រាស់នូវសិទ្ធិរបស់គេ ដើម្បីប្តឹង។ ដូច្នេះសង្ឃឹមថា បក្សនយោបាយនានា ក៏ដូចជាបេក្ខជន ដែលឈរឈ្មោះត្រូវគោរពនូវក្របសីលធម៌ ដែលរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាច្បាប់ស្តីពីបក្សនយោបាយផងដែរ»។
ការអំពាវនាវឲ្យបក្សរក្សាក្រមសីលធម៌នៃការឃោសនារកសំឡេងឆ្នោត ដោយមិនបន្ទោសបង្អាប់បក្សដទៃនេះ មិនមែនតែសម្តេចតេជោ ហ៊ុន សែន នោះទេ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏បានអំពាវនាវផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយផ្ទៃក្នុងនូវគោលនយោបាយអាទិភាពសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅខេត្តបន្ទាយមានជ័យនៅថ្ងៃ ២៧ ខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា បានថ្លែងថា ការប្រកួតប្រជែង គឺប្រកួតប្រជែងគ្នាលើគោលនយោបាយនៃគណបក្សរៀងៗខ្លួន ដើម្បីបាន ផលប្រយោជន៍ទៅប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកបន្តថា មិនត្រូវប្រកួតគ្នាលើពាក្យសម្ដី អសុរោះ ដៀលត្មះ វាយប្រហារ ធ្វើទុក្ខបុកម្នេញ បង្កការឈឺចាប់ឲ្យគ្នានោះឡើយ។
លោក កឹម សុខា ក៏បានថ្លែងផងដែរថា ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ នឹងនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្ដរជាតិ ហើយការប្រកួតប្រជែងគ្នានេះ ទោះបីជាគណបក្សណាចាញ់ ឬឈ្នះក៏ដោយ ក៏នៅតែជាខ្មែរ។
ពាក់ព័ន្ធ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ម្ចាស់ឆ្នោតទាំង អស់កុំឲ្យមានការភ័ន្តច្រឡំលើលេងរៀងបក្សនយោបាយបន្តទៅទៀត ពោលលេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ត្រូវបានផ្លាស់ប្តូរ ហើយក៏ខុសៗគ្នាទៅតាមឃុំ សង្កាត់ផងដែរ។
ដើម្បីងាយស្រួលចំណាំក្នុងការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោតត្រូវចំណាំនៅលើស្លាកសញ្ញាគណបក្ស ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកំពុងកំពុងដឹកនាំរាជរដ្ឋាភិបាលមានរូបសញ្ញា «ទេវតាបាចផ្កា»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយបេក្ខភាព សរុបជាង ៩ពាន់នាក់ ខណៈឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួនសរុប ១,៦៤៦ ឃុំ-សង្កាត់៕