(ភ្នំពេញ)៖ គ្រោះមហន្តរាយរន្ទះបាញ់ ខ្យល់ព្យុះ និងខ្យល់កន្រ្តាក់រយៈពេលត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ បានសម្លាប់ជីវិតមនុស្សចំនួន៦នាក់ និងរងរបួសចំនួន១៩នាក់ ព្រមទាំងបានបោកបក់បំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អគារសិក្សា វត្តអារាម សាលាឃុំ ប៉ុស្តិ៍នគរបាល អគាររដ្ឋបាល សរុបចំនួន៥០០ខ្នង/អគារ នៅខេត្តចំនួន១០។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក កែវ វី បានឲ្យដឹងថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ គ្រោះខ្យល់ព្យុះកើតឡើងចំនួន៣១លើក លើខេត្តចំនួន១០ មានខេត្តកំពង់ស្ពឺ តាកែវ រតនគិរី ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប «បានបោកបក់រលំផ្ទះពលរដ្ឋអស់១១០ខ្នង, របើកដំបូលអស់៣៦៩ខ្នង, សាលារៀនអស់៦អគារ, អគាររដ្ឋបាលសាលាឃុំ ប៉ុស្ដិ៍នគរបាលវត្តអារាមអស់ចំនួន១០អគារ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៧នាក់ទៀត»។
លោកអ្នកនាំពាក្យបានបន្តថា ចំពោះគ្រោះរន្ទះបាញ់វិញ បានសម្លាប់មនុស្សចំនួន៥នាក់ របួសចំនួន១២នាក់ និងបាញ់សត្វគោក្របីស្លាបអស់៧ក្បាល ឆេះផ្ទះពលរដ្ឋអស់១ខ្នង។
លោកបានបន្ថែមថា ក្រុមមន្រ្តីរាជការ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សាខាកាកបាទក្រហមកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធ បានចាត់វិធានការបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រមទាំងសហការគ្នាជួយប្រមូល និងជួសជុលផ្ទះសម្បែង ជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ ហើយសាលាកាកបាទក្រហម ក៏បានជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគជូនពួកគាត់ផងដែរ។
ចំណែកផ្ទះប្រជាពលរដ្ឋនៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៦ខ្នង ក៏ត្រូវរងការបំផ្លាញផ្នែកមួយចំនួនផងដែរ នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ៕