(កំពង់ស្ពឺ)៖ ចោរមួយក្រុមដែលបានធ្វើសកម្មភាពប្លន់ ដ៏កក្រើកក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពត ក្នុងនោះមានទាំងសកម្មភាពបាញ់សម្លាប់ស្មៀនឃុំជាំសង្កែ នៅផ្សារតាឡាត់ ខេត្តកំពង់ស្ពឺ កាលពីជាង២ឆ្នាំមុននោះ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានហើយ។ ជនសង្ស័យទាំងនេះ បានសារភាពថា ក្នុងចំណោមប្លន់ជាច្រើនលើកមកនេះ ក៏មានការបាញ់សម្លាប់លោក អ៊ិន ធឿន ហៅប៉ោ ជាស្មៀនឃុំជាសង្កែផងដែរ នៅពេលពួកគេ បានចូលទៅប្លន់យកគ្រឿងអលង្ការនៅក្នុងផ្សារ ហើយជនរងគ្រោះចង់ទៅជួយអ្នកលក់មាស។ (សូមស្តាប់វីដេអូសារភាព)
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា ក្នុងចំណោមករណីបាញ់ប្លន់ ក្នុងទឹកដីខេត្តកំពង់ស្ពឺចំនួន៦ករណី ក្នុងនោះក៏មានមួយករណី ដែលជនសង្ស័យបានសារភាពថា បានបាញ់សម្លាប់ស្មៀនឃុំជាំសង្កែ។ ដោយឡែក៥ករណីទៀត ក៏បានធ្វើឲ្យមានមនុស្សរបួស និស្លាប់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងបន្ថែមថា បក្ខពួកក្រុមជនល្មើសមានគ្នា២នាក់ឈ្មោះ ម៉ៅ គឹមអេង អាយុ៣៨ឆ្នាំ មានស្រុកកំណើត ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានឃាត់ខ្លួនបាន ក្រោយប្លន់ម៉ូតូកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ(ជាអ្នកបាញ់ស្មៀនឃុំ) ហើយកម្លាំងនគរបាល បានបន្តដំណើរដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ និងលោកឧត្តមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅក្រុងភ្នំពេញមានឈ្មោះ ចាន់ រត្នន័ ទីលំនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដកហូតយកអាវុធ០១ដើមម៉ាកK59 មាន០៩គ្រាប់នៅស្រុកភ្នំស្រួច។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ៅ ចាន់អេង ករណីទី១កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ជាថ្ងៃដែលពួកគេបានធ្វើសកម្មភាពប្លន់ទូលក់មាស នៅផ្សាតាឡាត់ជាមួយឈ្មោះ ចាន់ រត្ន័។ ជនសង្ស័យម៉ៅ ចាន់អេង ថា រូបគេផ្ទាល់ជាបាញ់ស្មៀនឃុំ ដោយរូបគេមិនបានស្គាល់ឈ្មោះជនរងគ្រោះឡើយ និងជាអ្នកណាឡើយ ដោយឃើញស្មៀននោះ បម្រុងឈានជើងមកជួយ អ្នកលក់មាសតែប៉ុណ្ណោះ ហើយរូបគេក៏មិនបានបាញ់មនុស្សបន្តទៀតដែរ។
ចំណែកឈ្មោះ ចាន់ រត្ន័ ជាអ្នកវាយទូមាសប្រមូលដាក់ថង់ និងធ្វើដំណើរជិះម៉ូតូគេចខ្លួន ដោយមានសមត្ថកិច្ចដេញពីក្រោយផង ។ ករណីបន្តបន្ទាប់ទៀតដូចជានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ប្លន់ម៉ូតូនៅស្រុកភ្នំស្រួច (វាយជនរងគ្រោះឈ្មោះ ញឹម ថន បាក់ធ្មេញ និងមាត់ដេរចំនួន១០ថ្នេរ) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ប្លន់ម៉ូតូ និងលុយនៅស្រុកបរសេដ្ឋ (ភ្ជង់គំរាមស្រ្តីឈ្មោះ នង់ មុំ) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ប្លន់ម៉ូតូនៅស្រុកសំរោងទង(ជនរងគ្រោះឈ្មោះ ប៊ិន សាវុធ បាញ់ត្រូវ០២គ្រាប់ របួសធ្ងន់ធ្ងរ) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ប្លន់ម៉ូតូ (ភ្ជង់ប្លន់ជនរងគ្រោះឈ្មោះ ទ្រង់ ខាន់)។ ដោយឡែក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ បានប្លន់ម៉ូតូ នៅភូមិតាយ៉ុង ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាថ្ងៃអស់ល័ក្ខត្រូវបានសមត្ថកិច្ចចាប់បានតែម្តង។
លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងដោយបញ្ជាក់ថា «ករណីប្លន់ទាំងអស់ខាងលើ បូករួមទាំងខេត្តផ្សេងផងនោះ ត្រូវបានវែកមុខឲ្យមហាជនបានជ្រាប លើកលែងតែករណីប្លន់ទូមាសបាញ់សម្លាប់ លោក អ៊ិន ធឿន ហៅប៉ោ ជាស្មៀនឃុំជាំសង្កែនេះទេ ដែលជនសង្ស័យទើបតែបានសារភាព ក្រោយនគរបាលជំនាញយើង បានសាកសួរតាមភិនភាគ ដែលពួកគេបានប្រព្រឹត្តកន្លងមក»៕