(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ចំនួនពីរដួង គឺអ្នកនាង ស្វែង សុជាតា និងលោក ទេព រិនដារ៉ូ បានធ្វើការពន្យល់ពីមូលហេតុ ដល់ទស្សនិកជនមួយចំនួន ដែលបានលើកឡើង និងរិះគន់ពីការបញ្ចូលសំឡេងក្នុងរឿង «លត់ដែកថែប» ខណៈរឿងនេះ មិនប្រើសំឡេងផ្ទាល់របស់តួអង្គនីមួយៗ ដែលអាចធ្វើឲ្យផ្ទៃរឿង បានបង់នូវរស់ជាតិដើម ពោលគឺសំឡេងផ្ទាល់របស់តួអង្គនីមួយៗ។
អ្នកនាង ស្វែង សុជាតា បាននិយាយថា តួអង្គក្នុងរឿង «លត់ដែកថែប» ភាគច្រើនមានសម្ផស្សស្អាត និងសម្ដែងល្អ ប៉ុន្តែសំឡេងមិនសូវល្អ ដែលជាហេតុប៉ះពាល់ដល់សាច់រឿង ទើបធ្វើឲ្យម្ចាស់ផលិតកម្ម សម្រេចចិត្តបញ្ចូលសំឡេងដូច្នេះ។ អ្នកនាងបាននិយាយថា «ខ្ញុំយល់ថា បច្ចុប្បន្នការបញ្ចូលសំឡេង ក្នុងភាពយន្តខ្មែរស្ទើរតែលែងមាន។ តែយ៉ាងណាការបញ្ចូលសំឡេងមិនខុសអ្វីនោះទេ។ សាច់រឿងល្អ តែសំឡេងយកអត់បាន វាកាន់តែធ្វើឱ្យរឿងមានបញ្ហា អីចឹងទើបម្ចាស់ផលិតកម្ម សម្រេចបញ្ចូលសំឡេង ធ្វើឲ្យរឿងកាន់តែល្អថែមទៀត!»។
អ្នកនាង ស្វែង សុជាតា បានលើកឡើងពីភាពយន្តអតីតកាលរបស់ខ្លួនគឺរឿង «មរណមាតា» ថាអ្នកបញ្ចូលសំឡេងបានជួយឲ្យតួអង្គ ក្នុងភាពយន្តកាន់តែរស់រវើក និងកាន់តែទាក់ទាញពីទស្សនិកជន។
មិនខុសពីអ្នកនាង ស្វែង សុជាតា តារាសម្ដែងធ្លាប់មានបទពិសោធរាប់ឆ្នាំ លោក ទេព រិនដារ៉ូ ក៏បានធ្វើការពន្យល់បន្ថែមថា ការប្រើសំឡេងផ្ទាល់ ឬមិនផ្ទាល់មិនប៉ះពាល់ដល់ផ្ទៃរឿងទាំងមូលនោះទេ សំខាន់សាច់រឿងល្អ គឺភាពយន្តនោះនឹងទទួលការ ចាប់អារម្មណ៍ពីទស្សនិកជន។
លោកបានបញ្ជាក់ថា «ខ្ញុំយល់ថា ទស្សនិកជនគាត់រិះគន់រឿងហ្នឹង លើការមិនប្រើសំឡេងផ្ទាល់ជាការល្អម្យ៉ាង។ ក៏ប៉ុន្តែខ្ញុំគិតថា វាមិនអាក្រក់អ្វីទេ រឿងបញ្ចូលសំឡេងហ្នឹង តួនិយាយមិនល្អទើបរឿងគេត្រូវ បញ្ចូលសំឡេង ដើម្បីឲ្យរឿងកាន់តែទាក់ទាញ»។
តារាសម្ដែងជើងចាស់រូបនេះបន្តថា ភាពយន្ត «លត់ដែកថែប» ប្រហែលជាមានតួអង្គវាយតប់ច្រើន ហើយការប្រើប្រាស់សំឡេងផ្ទាល់មិនសូវល្អ ទើបម្ចាស់ផលិតកម្ម សម្រេចបញ្ចូលសំឡេងដូច្នេះ។ ក្នុងនោះលោកជឿជាក់ថា ភាពយន្តនេះនឹងទទួលការចាប់អារម្មណ៍ ពីទស្សនិកជន។
ដោយឡែកសម្រាប់ផលិតករក្នុងរឿងនេះ គឺលោក សុខ សុវណ្ណដែន បាននិយាយថា ក្រុមហ៊ុនសម្រេចបញ្ចូលសំឡេង ក្នុងភាពយន្តនេះ ព្រោះតែចង់ឲ្យភាពយន្ត កាន់តែទាក់ទាញ និងមានភាពរវស់រវើកថែមទៀត។ ក្រុមហ៊ុនសុខចិត្តចំណាយលុយបន្ថែមទៀត លើការបញ្ចូលសំឡេង ដោយមិនចង់ឲ្យភាពយន្ត មិនល្អព្រោះតែតារាសម្ដែងខ្លះសម្ដែងបានល្អហើយ ប៉ុន្តែសំឡេងទទួលយកមិនបាននោះទេ៕