(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានជំរុញឲ្យកម្មសិក្សា ជាកងកម្លាំងនគរបាលការពារព្រំដែនប្រចាំឆ្នាំ២០១៧ទាំងអស់ ត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាពមុខជំនាញ ច្បាប់ និងយុទ្ធវិធីប្រតិបត្តិការដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចប្រតិបត្តិការ ការពារបូរណភាពទិកដី និងទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានចូលជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនមុខជំនាញច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការ ដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំឆ្នាំ២០១៧ ដោយមានសិក្ខាកាមចំនួន២៣០នាក់ មកពីវរសេនាតូចនគរបាល ការពារព្រំដែន៣៤វរៈ និងកម្លាំងនគរបាលការរពារបេតិកភ័ណ្ឌផងដែរ។
នៅក្នុងវគ្គហ្វឹកហ្វឺននេះក៏មានការចូលរូមពីមេបញ្ជាការរងគណៈបញ្ជានគរបាលជាតិប្រចាំទិសភូមិភាគទី៤ និង៣ អនុប្រធាននាយកកណ្ដាល នគរបាលព្រំដែន, ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងប្រធាននាយកដ្ឋាន នគរបាលបច្ចេកទេសព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បន្ទាប់ពីបានលើកឡើងពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០១៦កន្លងមក ពិសេសសភាពការណ៍សន្តិសុខព្រំដែនរួចមក លោកឧត្តមសេនីយ៍បានគូសបញ្ជាក់ថា «ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិ កម្មសិក្សាជាកងកម្លាំងនគរបាលការពារព្រំដែនប្រចាំ ឆ្នាំ២០១៧ទាំងអស់ ត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាពមុខជំនាញ ច្បាប់ និងយុទ្ធវិធីប្រតិបត្តិការដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចប្រតិបត្តិការ ការពារបូរណភាពទិកដី និងទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត»។
នៅទីបញ្ចប់លោកឧត្តម ហ៊ូ សាគុណ បានក្រើនរំលឹកដល់សិក្ខកាមទាំងអស់ ត្រូវខិតខំគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា ព្យាយាមរៀនសូត្រ រក្សាសាមគ្គីភាពផ្ទៃក្នុង បានល្អប្រសើរ និងចេះមានការអធ្យាស្រ័យគ្នាទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូស័ក្តិសមជាកងកម្លាំងនគរបាលជាតិ៕