(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមមួយ ដែលដាក់ឈ្មោះខ្លួនឯងថា «ក្រុមសមាជិកសភាអាស៊ាន» ដែលវាយប្រហារកម្ពុជាខ្លាំងៗអំពីបញ្ហាសិទ្ធិមនុស្ស។ លោកចាត់ទុកថា តំណាងរាស្រ្ត នៃប្រទេសសមាជិកអាស៊ានមួយ កំពុងរំលោភលើគោលការណ៍អាស៊ាន ដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃ។
នាថ្មីៗនេះ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលមាន លោក ឆាល សាន់ទីអេហ្គោ តំណាងរាស្រ្តមួយរូបរបស់ប្រទេសម៉ាឡេស៊ីជាប្រធាន បានចេញរបាយការណ៍មួយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។
លោក កែវ រ៉េមី បានអះអាងថា ការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ APHR មិនឆ្លុះបញ្ចាំងអំពីការពិត នៃស្ថានភាពនៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា តំណាងរាស្រ្តរូបនេះ កំពុងរំលោភលើ គោលការណ៍អាស៊ាន ចំណុចទី២ ដែលចែងថា មិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងប្រទេសប្រទេសនានាជាសមាជិក។
លោកថ្លែងយ៉ាងដូច្នេះថា « លោក ឆាល សាន់ទីអេហ្គោ គាត់ជាតំណាងរាស្រ្តមកពីមណ្ឌលខ្លាំង ខ្ញុំដឹងគាត់មកពីគណបក្សណា ក៏ប៉ុន្តែខ្ញុំមិនបានគិតថា ជារឿងឆ្លុះបញ្ចាំងអ្វីធំដុំទេ ...ក៏ប៉ុន្តែខ្ញុំឃើញគាត់នៅតែគឃ្លើនបន្ត រិះគន់កម្ពុជាដូចកម្ពុជាហ្នឹងអាក្រក់ ហើយដូចជាប្រទេសគាត់នោះអស្ចារ្យណាស់អញ្ចឹង ប៉ុន្តែខ្ញុំនៅតែទុកមុខដល់ប្រទេសរបស់គាត់ ក៏ដូចជាប្រទេសមួយចំនួន នៅបណ្តាអាស៊ានដែរ»។
លោក កែវ រ៉េមី បានលើកឡើងថា នៅកម្ពុជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ។ កម្ពុជាមានអង្គការសង្គមស៊ីវិល ជាច្រើន ហើយកម្ពុជាក៏បើកឱ្យអង្គការសង្គមស៊ីវិលចូលរួមសង្កេតក្នុងការបោះឆ្នោត។ ក្រៅពីនោះកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលអាចចូលរួមផ្សព្វផ្សាយអំពីរឿងនយោបាយ ប៉ុន្តែប្រទេសដទៃមិនមាននោះទេ។ ទាំងនេះគឺជាការផ្តល់សិទ្ធិសេរីភាពរបស់កម្ពុជា។ លោកបានបន្ថែមថា នៅប្រទេសដទៃ បើរិះគន់តុលាការ នឹងមានទោស ឯនៅកម្ពុជា មានការរិះគន់តុលាការយ៉ាងអនាធិបតេយ្យ។ នៅកម្ពុជាបក្សប្រឆាំង មានសមាសភាពនៅក្នុងគណៈកម្មការ រហូតដល់អនុប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងការបរទេស និង អ្នកនាំរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ក៏បានប្រតិកម្មជាមួយនឹងរបាយការណ៍របស់ APHR ផងដែរ។ ក្រសួងការបរទេស បានបញ្ជាក់ថា ក្រុមទាំងនោះ មិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សភាអាស៊ានឡើយ ហើយថាក្រុមទាំងនោះវាយតម្លៃកម្ពុជា ប្រកបដោយភាពខ្មៅងងឹត៕