(ភ្នំពេញ)៖ កាន់តែអស្ចារ្យ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំពុំធ្លាប់មាន «Smart Mega Concert with Rain» នៅថ្ងែទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីមហាជនភ្ញាក់ផ្អើល នឹងវត្តមានកំពូលតារាចម្ររៀងកូរ៉េ លោក Rain ដែលគេស្គាល់ថាជា លី យ៉ុងជេ ហើយនោះ ទស្សនិកជននឹងប្លែកអារម្មណ៍ ជាមួយនឹងមានវត្តមានតារាចម្រៀង, អ្នកនិពន្ធចម្រៀង និងជាអ្នកលេងវីយូឡុង ដ៏ស្ទាត់ជំនាញម្នាក់ទៀត ដែលជាអ្នកសិល្បៈ មានដើមកំណើតជាខ្មែរ សញ្ជាតិអាមេរិក គឺកញ្ញា Chrysanthe Tan ជាវត្តមានលើកដំបូង គួរឲ្យភ្ញាក់ផ្អើល និងញ៉ាំងឲ្យកម្មវិធីនេះ កាន់តែកក្រើកឡើង។
នាង Chrysanthe Tan (គ្រីសសាន់តេ តាន់) ឈ្មោះជាភាសាខ្មែរ សុវណ្ណ បុប្ផា គឺជាអ្នកនិពន្ធចម្រៀង,អ្នកលេងវីយូឡុង និង អ្នកចម្រៀងដ៏ល្បីមួយរូប ដែលមានដើមកំណើតខ្មែរ មកពីទីក្រុង Long Beach រដ្ឋ California ។ ពេញមួយឆ្នាំ២០១៥ នាងបានធ្វើដំណើរទស្សនកិច្ចជុំវិញ ពិភពលោក ជាអ្នកលេងវីយូឡុងជាមួយតារាចម្រៀង Ariana Grande នៅក្នុង Honeymoon Tour, និង នៅទូទាំង ទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ក្នុងឆ្នាំនោះផងដែរ នាងបានចេញអាល់ប៊ុមដំបូងរបស់នាង និង រឿងដែលរួមបញ្ចូលទាំង វង់តន្ត្រីសម្រាប់ព្យាណូ, ខ្សែអក្សរ និងអេឡិចត្រូនិច។ នាងក៏បានសម្តែង ធ្វើដំណើរទស្សនាចរ និងប្រគំតន្រ្តីរួមជាមួយសិល្បករ សិល្បការិនីជាច្រើន រួមមានទាំង Alicia Keys, Nicki Minaj, និងJustin Bieber។
តំណាងតារាចម្រៀង Chrysanthe Tan បានថ្លែងឲ្យដឹងថា នេះជាលើកដំបូងដែល Chrysanthe បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានចំណងជើងថា «ការវិលមកផ្ទះ» ឬ «Homecoming» គឺជាការមកទស្សនាស្រុកកំណើតរបស់ឪពុកនាង និងការវិលមកជួបជុំគ្រួសារខ្មែរ និងអ្នកគាំទ្រ ព្រមទាំងធ្វើការនិពន្ធតន្ត្រីដើម នៅក្នុងប្រទេសកំណើត។ ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា នាង Chrysanthe កំពុងស្វែងរកកិច្ចសហការ ជាមួយសិល្បករសិល្បការិនីជើងចាស់ កំពូលៗមួយចំនួន។
តាមរយៈតំណាងដដែល នាង «Chrysanthe Tan» បាននិយាយថា «Rain? នេះ គឺជាការភ្ញាក់ផ្អើលមួយ! ខ្ញុំអាចសន្យាថា ការប្រគំតន្ត្រីរបស់ Rain នឹងមានភាពអស្ចារ្យ ហើយអ្នកនឹងបានឃើញខ្ញុំនៅទីនោះ!»។
ជាមួយគ្នានេះ នាង Chrysanthe Tan បានយល់ព្រមនឹងបង្ហាញការសម្តែង នៅភោជនីយដ្ឋាន Chinese House នៅថ្ងៃច័ន្ទនេះ(២៧ ខែមីនា) នៅម៉ោង ៨៖៣០នាទី យប់។ ការសម្តែងជាលក្ខណៈសូឡូរបស់នាង គឺនៅភោជនីយដ្ឋាន D22 នៅក្នុងអាគារ Pnhom Penh Tower នាថ្ងៃអង្គារ៍ (២៨ ខែមីនា) វេលាម៉ោង ៧៖០០នាទីយប់។ ការសម្តែង គឺចូលរួមដោយសេរី និងក្នុងន័យអរគុណ ទៅកាន់អ្នកគាំទ្រវ័យជំទង់ៗរបស់នាង ហើយជាងនេះទៅទៀត សិស្សនិស្សិតដែលចូលរួម ចំនួន៥០នាក់ដំបូង នឹងទទួលបានភេសជ្ជៈដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ឪពុករបស់នាង Chrysanthe គឺលោកវេជ្ជបណ្ឌិត Song Tan បានកើតនៅទីក្រុងភ្នំពេញ ហើយក៏ជាអ្នកដែលរស់រានមានជីវិតពីរបបពិឃាត។ លោកបានបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាវេជ្ជសាស្រ្តនៅក្នុងទីក្រុងភ្នំពេញ មុនពេលដែលរបបខ្មែរក្រហម និងធ្វើជារូបវិទ្យាវិទូនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងអំឡុងពេលដែលទីក្រុងដួលរលំ។ បងប្រុសរបស់ Chrysanthe គឺលោក Allen Tan បានវិលត្រលប់មកកាន់ប្រទេសកម្ពុជា កាលពីរយៈពេល៦ឆ្នាំមុន ហើយលោកគឺជាស្ថាបនិក នៃកម្មវិធីពិព័រណ៍វិទ្យាសាស្រ្ត និងវិស្វកម្មនៃកម្ពុជា និងជាប្រធានអង្គការមិនមែនរដ្ឋាភិបាល American NGO Golden West Humanitarian Foundation។ នាង Chrysanthe ក៏មានបងប្អូនជីដូនមួយ ជាជនជាតិខ្មែរផងដែរ៕