(ភ្នំពេញ)៖ ចៅក្រមលោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជំរះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ដែលជាឃាតកសម្លាប់សិស្សស្រីថ្នាក់ទី១២ នៅវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោ អស់មួយជីវិត ខណៈបក្ខពួក៦នាក់ផ្សេងទៀត​ ត្រូវផ្តន្ទោទោសដាក់ពន្ធនាគារ​ចាប់ពីជាង២ឆ្នាំ ដល់៣០ឆ្នាំ។

ជនដៃដល់ដែលសម្លាប់នារីរងគ្រោះឈ្មោះ ជុំ វីរៈ អាយុ២២ឆ្នាំ ត្រូវតុលាការសម្រេចផ្តន្ទោទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈដែលបក្ខពួក២នាក់ទី១ឈ្មោះ ហុង សុជាតា អាយុ២១ឆ្នាំ និង២ឈ្មោះ លឹម បញ្ញវ័ន្ត អាយុ២២ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ»

ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឲ្យជនជាប់ចោទទាំង៣នាក់ សងសំណងទៅដើមបណ្តឹងត្រូវជាឪពុកម្តាយ ជនរងគ្រោះឈ្មោះ វ៉ុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ សិស្សថ្នាក់១២A (ស្លាប់) ចំនួន៤០លានរៀលផងដែរ។ ចំណែកជន​ជាប់ចោទ​៤នាក់​ទៀត ​រួម​មាន​ឈ្មោះ សុខ សុភាព ​អាយុ១៨ឆ្នាំ​ ឈ្មោះ សុខ សុភា ​អាយុ២២ឆ្នាំ ឈ្មោះ ឡេង ដានី ភេទ​ស្រី ​អាយុ១៨ឆ្នាំ និង​ឈ្មោះ គ្រី ចន្ធូ ភេទ​ស្រី អាយុ​១៨ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៦ខែ ក្រោមការ​ចោទ​ពី​បទ «​ទទួល​ផល​ចោរកម្ម និង​សមគំនិត​ទទួល​ផល​ចោរកម្ម»

គួរំលឹកថា កាលពី​ថ្ងៃ​ទី​១០ ​ខែ​ឧសភា​ ឆ្នាំ២០១៦ សិស្ស​ថ្នាក់​ទី១២A នៃវិទ្យាល័យពងទឹក​ឈ្មោះ វ៉ុន រដ្ឋា អាយុ១៩ឆ្នាំ ​ត្រូវ​បាន​ឃាតក​សម្លាប់​នៅ​ក្នុង​ផ្ទះ​បាក់បែក​គ្មាន​មនុស្ស​នៅ​មួយ​កន្លែងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅ​ថ្ងៃ​ដដែលនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលខណ្ឌដង្កោ ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ និង​បក្ខពួក​សរុប​៧នាក់។ នាពេលសវនាការ​​ជនជាប់ចោទ ជុំ វីរៈ បាន​សារភាព​ថា​ រូពគេ​ជា​អ្នក​ញៀនថ្នាំ​ជាច្រើន​ឆ្នាំ​ហើយ លុះ​នៅ​ថ្ងៃ​កើត​ហេតុ រូប​គេ​បាន​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ពេល​ព្រឹក ហើយនៅ​ពេល​ថ្ងៃ​ត្រង់ ​បាន​ផឹកស៊ី​ជាមួយ​ឈ្មោះ ហុង សុជាតា និង​ឈ្មោះ លឹម បញ្ញវ័ន្ត រហូតស្រវឹងវង្វេង។ ដោយសារ​គេ​ជំពាក់​លុយ​អ្នក​ផ្សេង​ចំនួន៧០ដុល្លារ ​គ្មាន​អ្វី​សង​ រូប​គេ​ក៏​បាន​ហៅ​ជន​រងគ្រោះ វ៉ុន រដ្ឋា ដែល​ជា​ប្អូន​ជីដូន​មួយ​មក​ជួប។ ក្រោយ​មក​ក៏​បាន​នាំ​នាង​ទៅ​កាន់​កន្លែង​ស្ងាត់ ​ហើយ​ទាញ​ដៃ​ចូល​ក្នុង​ផ្ទះ​បាក់បែក រួច​យក​ដុំឥដ្ឋ​វាយ​លើ​មុខ​ចំនួន​២​ដង​ បណ្តាលឲ្យស្លាប់តែម្តង៕