(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីជួបជុំ និងសួរសុខទុក្ខមន្ដ្រីនគរបាលដែលចូលនិវត្តន៍ចំនួន៩២នាក់ មកពី៨ស្រុក-ក្រុង ក្នុងទឹកដីខេត្តកំពត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខនេះ។ ពិធីនេះក៏មានការចូលរួមពីស្នងការរងខេត្ត អធិការនគរបាល ក្រុង-ស្រុក និងតំណាងក្រុមហ៊ុនកាត់ដេរពូចិនខេមបូឌាផងដែរ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងអំណរគុណក្រុមហ៊ុនពូចិនខេមបូឌា ដែលមានទីតាំងរោងចក្រ នៅភូមិសាស្ត្រកណ្តាលទួល ក្នុងស្រុកកំពង់ត្រាច ដែលបានជំនួយឧបត្ថម្ភអំណោយជូនដល់មន្រ្តីនគរបាលដែលចូលនិវត្តន៍ទាំង៩២រូបខាងលើ។

អំណោយទាំងនេះរួមមាន៖ អង្ក១បាវ ស្មើ៥០គីឡូក្រាម មី១កេះ ប្រេងឆា១ដបធំចំណុះ៥លីត្រ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ទឹកក្រូច២ដបធំ ប៊ីចេង១គីឡូ ក្រម៉ា១ មុង១ ស្បែកជើងផ្ទាត់១គូរ និងថវិកា ចំនួន៨ម៉ឺនរៀល។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់បងប្អូនជានគរបាលដែលបានចូលនិវត្តន៍ទាំង៩២នាក់ខាងលើនេះ។

លោកស្នងការ បានស្នើឲ្យបងប្អូនដែលបានចូលនិវត្តន៍ទាំងអស់ ធ្វើយ៉ាងណា សហកាឲ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត ដើម្បីធានាឲ្យភូមិ-ឃុំមានសុវត្ថិភាព និងគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕