(ភ្នំពេញ)៖ មនុស្សមួយក្រុមសរុប៧នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបាន ដោយសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងដកហូតបានថ្នាំញៀន២កញ្ចប់ ដាវ២ដើម និងសម្ភារប្រើប្រាស់មួយចំនួន។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ករណីបង្ក្រាបក្រុមគ្រឿងញៀនទាំងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងផ្ទះគ្មានលេខក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ ខណ្ឌឫស្សីកែវ បានបន្តការស្រាវជ្រាវ ហើយអាចកំណត់បាននូវទីតាំង និងពេលវេលា ដែលក្រុមជនសង្ស័យតែងតែណាត់ប្រមូលផ្ដុំគ្នា ដើម្បីធ្វើសកម្មភាពប្រើប្រាស់ និងចរាចរគ្រឿងញៀន រហូតមកដល់ល្ងាចថ្ងៃនេះ ទើបឈានដល់បើកកិច្ចសហប្រតិបត្តិការបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ និងរកឃើញវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដូចជា៖ ក្រាមពណ៌សថ្លា ជាសារធាតុញៀន២កញ្ចប់ ដាវ២ដើម ថង់ផ្លាស់ស្ទិចសម្រាប់ច្រក រួមជាមួយឧបករណ៍ប្រើប្រាស់គ្រឿងញៀនផងដែរ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ជនស្ស័យដែលត្រូវឃាត់ខ្លួនទាំងអស់៧នាក់ ក្នុងនោះមានស្រីម្នាក់ រួមមាន៖ទី១-ឈ្មោះយឿន រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ «ជួញដូរ» ទី២-ឈ្មោះសេង ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ «ប្រើប្រាស់» ទី៣-ឈ្មោះជា សុវណ្ណារិទ្ទ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើ «ប្រើប្រាស់» ទី៤-ឈ្មោះង៉ោ សាវ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្មាន «ប្រើប្រាស់» ទី៥-ឈ្មោះហ៉ឹម នីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរគ្មាន «ប្រើប្រាស់» ទី៦-ឈ្មោះម៉ក រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ «ប្រើប្រាស់» ទី៧-ឈ្មោះរាជ មិថុនា ភេទប្រុស អាយុ២២ឆ្នាំ «ប្រើប្រាស់» ជនសងស្ស័យទាំង៧នាក់ ស្នាក់នៅចំណុចកើតហេតុខាងលើ។
ក្រោយបង្ក្រាបជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕