(ព្រៃវែង)៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស សុខា ជាតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោក ខៀវ ភារិទ្ធ ជាប្រធានព្រមទាំងមានការចូលរួមសហការ និងគាំទ្រ ពីលោកអភិបាលខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរស្ថាប័នមន្ទីរពាក់ព័ន្ធនានា នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» លក្ខណៈទ្រង់ទ្រាយធំនៅ ស្រុកបាភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូច្នេះសូមប្រជាពលរដ្ឋត្រៀមចូលរួមសប្បាយទាំងអស់គ្នា។
អ្នកភូមិដែលរស់នៅក្នុងស្រុកបាភ្នំផ្ទាល់ បាននិយាយថា អស់រយៈពេលប្រមាណ៣៩ឆ្នាំហើយ នេះគឺជាលើកទី១ សម្រាប់ខេត្តព្រៃវែង ដែលត្រៀមនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ក្នុងរូបភាពធំបែបនេះ។ ពួកគាត់់ពិតជាមានមោទនភាពចំពោះខេត្ត ហើយសង្ឃឹមថា នឹងមានការចូលរួមច្រើនកុះករពីសំណាក់បងប្អូន ប្រជាពលរដ្ឋទាំង១៣ ស្រុក-ក្រុង ក្នុងខេត្តព្រៃវែង ព្រមទាំងបណ្តាខេត្តផ្សេងៗ។
ព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» នឹងរៀបចំធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខនេះ ក្នុងនោះដែរ នឹងមានការលេងល្បែងប្រជាប្រិយ ការប្រកួតស្រីស្អាត ប្រុសស្អាត និងតារាចម្រៀង ការបង្ហាញជូននូវរបាំប្រពៃណី ដែលសម្តែងដោយយុវជន យុវនារី សិល្បករខ្មែរល្បីៗ រួមជាមួយនឹងការ សំដែងនូវល្ខោននិយាយ និងល្ខោនបុរាណខ្មែរមួយចំនួន មករំលេចឡើងជាផ្ទាំងទស្សនីយភាពថ្មីៗ និងប្លែកអស្ចារ្យ ដើម្បីដាក់បង្ហាញជូនដល់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត នៅលើទឹកដីនៃខេត្តព្រៃវែង។ អ្វីដែលគួរឱ្យ កត់សម្គាល់មួយទៀត គឺវត្តមាននំ បង្ហែម ប្រពៃណីខ្មែរ និងផលិតផលប្រចាំស្រុកនីមួយៗ នឹងលេចរូបរាងសារជាថ្មី នៅតាមស្តង់យុវជន ទាំង១៣ស្រុក-ក្រុង។
ទៀតសោត «សង្ក្រាន្តព្រៃវែង» រៀបចំឡើងដើម្បីឲ្យយុវជនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជា ជាតិសាសន៍ដទៃ បានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សាអភិរក្ស និងលើកតម្កើនព្រឹត្តិការណ៍នេះ ជារៀងរហូតទាំងអស់គ្នា។ មូលហេតុមួយទៀត ដែលនាំឲ្យមានការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» នេះឡើងគឺដើម្បីចូលរួមបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ ជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិព្រលឹង និងអត្តសញ្ញាណជាតិខ្មែរក្នុងបរិបទនៃ សមាហរកម្មសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្ម ទំនើបជំនាន់ថ្មីនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំ «កញ្រ្ជាចស្រុកខ្ញុំ» ទទួលជោគជ័យ ព្រមទាំងបានទទួលការគាំទ្រពីប្រជាពលរដ្ឋរាប់ម៉ឺននាក់ទៀតផង៕