(ភ្នំពេញ)៖ របាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅឆ្នាំនេះ អ្នកប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសមានចំនួន ២០៦២១នាក់ ក្នុងនោះអ្នកប្រើគ្រឿងញៀន ដែលមិនបានទៅទទួលសេវាព្យាបាលមានចំនួន ៩០២០នាក់ ស្មើនឹង៤៥.១២ភាគរយ។
របាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចែកជូនអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបានសេវាព្យាបាល មានចំនួន ១១៦០១នាក់ ស្មើនឹង៥៦.២៥ភាគរយ នៃចំនួនអ្នកញៀនសរុប។
ការថែទាំ ព្យាបាលអ្នកញៀនគ្រឿងញៀន ត្រូវបានអនុវត្តតាម២ប្រព័ន្ធគឺ៖
* អ្នកទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ តាមមូលដ្ឋានសុខាភិបាល ដែលមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សរុបចំនួន ៤៣០០នាក់។
* អ្នកទៅទទួលសេវាព្យបាលតាមមណ្ឌលបណ្តោះអាសន្ន សម្រាប់អប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា របស់រដ្ឋ និងឯកជនចំនួន ៧៣០១នាក់៕