(ភ្នំពេញ)៖ ជាប្រពៃណីដូនតានៃទាយាទរបស់បន្ទាយព្រះអាទិត្យ គឺតែងតែជឿថា យុទ្ធសាស្ត្រយកពន្លឺថ្ងៃចាំងភ្នែកដូចដែលឆាវឆាវអនុវត្តឈ្នះលើទ័ពយានសាវដ៏ច្រើនលើសលប់ នឹងធ្វើឱ្យសាធារណជនមើលមិនឃើញ អំពីភាពអសមត្ថភាព ការរំលោភច្បាប់ និងលិខិតបទដ្ឋាននានា អំពើបក្ខពួកនិងគ្រួសារនិយម ពុករលួយ និងអសីលធម៌ក្នុងចំណោមប្រមុខធំៗនៃបន្ទាយរបស់ខ្លួន។
ប៉ុន្តែអ្វីដែលបណ្តាសម្តេចព្រះគ្រូនៃបន្ទាយព្រះអាទិត្យភ្លេចសារជាតិខ្លួនឯងនោះគឺត្រង់ថា ខ្លួនឯងកើតចេញពីភ្លើងទៀន និងព្រះច័ន្ទ ដូច្នេះមិនមាន ពន្លឺចែងចាំងខ្លាំងដូចព្រះអាទិត្យ រហូតដល់ចាំងភ្នែកគេឯង មើលមិនឃើញអ្វីនោះឡើយ។ ជាក់ស្តែងបន្ទាយព្រះអាទិត្យ មិនអាចបិតបាំងករណីខ្លួនឯងរំលោភប្រការ៤៧ នៃលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បន្ទាយ និងករណីរំលោភច្បាប់នានា ដោយសារតែការនិយាយដោយ ចំហររបស់ប្រធានប្រតិបត្តិ និងថ្នាក់ដឹកនាំបន្ទាយក្នុងការកំណត់ឱ្យបេក្ខជនត្រូវបង់ថវិកាជាថ្នូរនឹងការបានឈរនៅលំដាប់លេខរៀងខ្ពស់ ហើយត្រូវធ្វើកិច្ចសន្យាថាសុខចិត្តកាត់ប្រាក់បៀវត្ស៥០% ក្រោយពេលជាប់ឆ្នោត បង់ចូលបន្ទាយនោះឡើយ។
រឿងប្រការ៤៧ ពេលនេះក្រសួងមហាផ្ទៃកំពុងពិនិត្យ។ ប្រសិនជាក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជវិសាមញ្ញថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនោះ បញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំដែលប្រថាប់ត្រាបញ្ជូន ឬផ្ទេរសិទ្ធដោយប្រមុខបន្ទាយព្រះអាទិត្យ ដែលគេឱ្យនៅចាំផ្ទះ ប៉ុន្តែបែរជាខំកែខៃបំភ័ន្តគេឯងធ្វើជាម្ចាស់ផ្ទះនោះ អាចនឹងត្រូវបដិសេធដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អាចមានករណីដែល គ.ជ.ប តម្រូវឱ្យបន្ទាយព្រះអាទិត្យដាក់បញ្ជីនោះសារជាថ្មី ជាមួយនឹងហត្ថលេខានៃប្រមុខបន្ទាយ ដែលស្របតាមលក្ខន្តិកៈបន្ទាយ។
ប្រសិនជាមានការដាក់បញ្ជីឈ្មោះបេក្ខជនថ្មី តើប្រាកដឬទេថា អ្នកមានឈ្មោះក្នុងបញ្ជីបេក្ខជនចាស់ទាំងអស់នឹងត្រូវគេដាក់ទៅម្តងទៀត? ភ្នំប្រុសមើលឃើញថា មិនប្រាកដទេ ពីព្រោះតាមប្រភពព័ត៌មាន ខ្សែកាបនានាបានឱ្យដឹងថា ប្រសិនជាករណីដាក់បញ្ជីបេក្ខជនថ្មីមានមែន ប្រធានប្រតិបត្តិរាជធានីខេត្តមួយចំនួននឹងគាបបេក្ខជនម្តងទៀតបទើបព្រមរុញឈ្មោះនោះទៅ។ ប្រធានប្រតិបត្តិរាជធានីខេត្តបន្ទាយព្រះអាទិត្យ ពិតជាបានធ្វើអំពើអយុត្តិធម៌ដាក់បេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួនពេកហើយ! លើសពីនេះ បេក្ខជនក្រុមប្រឹក្សាឃុំរបស់បន្ទាយព្រះអាទិត្យមានដឹងខ្លួនទេថា ខ្លួនអាចជាប់ឈ្មោះក្នុងបទល្មើសសូកប៉ាន់ ដើម្បីបានឈ្មោះនៅលំដាប់ខ្ពស់? ភ្នំប្រុសសូមបង្ហាញផ្លូវបន្តិចចុះក្រែងបានជួយសង្រ្គោះបេក្ខជនខ្លះកុំឱ្យរងថ្មបាក់ នៃអន្ទាក់មួយនេះជំនួសប្រធានប្រតិបត្តិបន្ទាយ និងប្រធានប្រតិបត្តិរាជធានីខេត្តមួយចំនួន។
បងប្អូនដែលជាបេក្ខជនក្រុមប្រឹក្សាឃុំនៃបន្ទាយព្រះអាទិត្យមានចាំបានទេថាកាលថ្ងៃទី១៤ ខែមីនា កន្លងទៅ លោក យឹម សុវណ្ណ បានធ្វើសន្និសីតសារព័ត៌មានមួយ ហើយសម្លេងរបស់លោក និងអត្ថន័យនៃសន្និសិទនោះ ក៏ត្រូវបានសារព័ត៌មានមួយចំនួនផ្សព្វផ្សាយរួចហើយដែរ។ ពេលនោះលោក យឹម សុវណ្ណ បានប្រកាសថានឹងដកបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួនណាមួយ ដែលមិនព្រមបង់ថវិកាទៅតាមលំដាប់លេខរៀងឈរឈ្មោះ ហើយបន្ទាយព្រះអាទិត្យក៏បានចេញគោលការណ៍តម្រូវឱ្យបេក្ខជន ដែលឈ្នះឆ្នោតត្រូវកាត់ប្រាក់ខែ ៥០% បង់ចូលបន្ទាយទៀត។ ដោយសារការប្រកាសជាចំហរយ៉ាងគឃ្លើន របស់ លោក យឹម សុវណ្ណ នេះបានធ្វើឱ្យអ្នកច្បាប់ស្ម័គ្រចិត្តជាច្រើនឈឺចាប់អាណិតបេក្ខជនក្រុមប្រឹក្សាឃុំរបស់បន្ទាយព្រះអាទិត្យ ហើយកំពុងសិក្សាថា តើវាអាចមានធាតុផ្សំគ្រប់គ្រាន់ចាត់ចូលទៅក្នុងបទលើ្មសពុករលួយ ឬបទគាបសង្កត់ទារលុយជា ប្រព័ន្ធដោយបន្ទាយព្រះអាទិត្យ ដែលខុសនឹងក្រមព្រហ្មទណ្ឌ ច្បាប់ប្រឆាំងអំពើរពុករលួយ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីការបោះឆ្នោតដែរឬទេ?
ប្រសិនជាអ្នកច្បាប់ស្ម័គ្រចិត្តរកបានគ្រប់ធាតុផ្សំនោះ ពួកគេនឹងពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ទៅក្រសួងមហាផ្ទៃ និងទៅ គជប ដើម្បីពិនិត្យលើករណីនេះ។ បណ្តឹងនេះអាចដាក់ចោទ ទៅលើបន្ទាយព្រះអាទិត្យផង និងបុគ្គលនានាដែលពាក់ព័ន្ធផង។ ប្រសិនជាករណីនេះកើតឡើង បន្ទាយព្រះអាទិត្យអាចយករួចខ្លួនដោយរុញរឿងនេះថា ជាសម្តីអត្តនោម័តរបស់លោក យឹម សុវណ្ណ ហើយប្រមុខបន្ទាយព្រះអាទិត្យ អាចទមា្លក់កំហុសនេះទៅលើបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួនវិញ ថាជាអ្នកយកសំណូកមកឱ្យ មិនមែនបន្ទាយជាអ្នកកំណត់ឱ្យយកនោះទេ។ បន្ទាយព្រះអាទិត្យអាចនិយាយថា នេះជាគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែសូមកុំភ្លេចថា ដោយសារតែគោលការណ៍បង់លុយនេះ ធ្វើឱ្យបេក្ខជនដទៃផ្សេងទៀតប្រែប្រួលលេខរៀង ហើយបេក្ខជនដែលមិនបានឈរ នៅលេខរៀងខ្ពស់ទាំងនោះ ក៏កំពុងប្រមូលភស្តុតាងថា ខ្លួនប្រែប្រួលលេខរៀងពីខ្ពស់ទៅទាបគឺដោយសារសំណូក ដោយសារទឹកប្រាក់នេះ!
ទន្ទឹមគ្នានេះ នៅពេលអ្នកច្បាប់រកបានកិច្ចសន្យាជាលាយលក្ខអក្សរថា ត្រូវកាត់ប្រាក់ខែ៥០% ចំពោះបេក្ខជនជាប់ឆ្នោតនោះ អ្នករៀបចំ និងអ្នកចុះហត្ថលេខាលើកិច្ចសន្យាទាំងអស់នឹងរងការចោទប្រកាន់ថា បានធ្វើកិច្ចសន្យាខុសច្បាប់ ហើយប្រឈមនឹងការអនុវត្តទោសផងដែរ។
ដូច្នេះវាអាចជាពេលវេលា ដែលបេក្ខជនក្រុមប្រឹក្សាឃុំដែលរងនូវអំពើអយុត្តិធម៌ ដោយត្រូវគេប្តូរពីលេខរៀងល្អ ទៅលេខរៀងមិនសូវល្អរកភស្តុតាងដើម្បីជូនក្រុមមេធាវីស្មគ្រចិត្តបន្ថែមទៀត។ ដូចគ្នាដែរ វាអាចជាពេលវេលា ល្អសម្រាប់អ្នក ដែលបានចុះកិច្ចសន្យាព្រមឱ្យគេកាត់ប្រាក់ខែ៥០% ក្រោយពេលឈ្នះឆ្នោត និងអ្នកដែលបានបង់លុយឱ្យប្រធានប្រតិបត្តិរាជធានីខេត្ត ឬបុគ្គលមានឥទ្ធិពលណាមួយក្នុងបន្ទាយព្រះអាទិត្យដើម្បីបានឈរ នៅលើលេខរៀងល្អនោះ ដកខ្លួនចេញពីបញ្ជីបេក្ខជនវិញ ដោយភ្ជាប់ជាមួយនឹងហេតុផលឬភស្តុតាងបង្ហាញថាខ្លួនត្រូវបានប្រមុខបន្ទាយធំ ឬបន្ទាយរងបង្ខំ ឬលួងលោម បើមិនដូច្នេះបេក្ខជនទាំងនោះនឹងរងថ្មបាក់ ហើយត្រូវជាប់ការអង្គេតដ៏វែងអន្លាយមួយជាក់ជាពុំខាន។
យុទ្ធសាស្ត្រដែលបន្ទាយព្រះអាទិត្យយកថ្ងៃចាំងភ្នែក ប៉ុនប៉ងមិនឱ្យរាស្ត្រមើលឃើញអំពីល្អរបស់បន្ទាយផ្សេង និងបង្វែរភ្នែករាស្ត្រមិនឱ្យមើលឃើញពីភាពអសមត្ថភាពរបស់ប្រមុខធំៗ និងមេយុទ្ធសាស្ត្រក្នុងបន្ទាយខ្លួននាពេលកន្លងមក គឺដល់ពេលដែលរងនូវបណ្តាសាវិញម្តងហើយ។ ពន្លឺភ្លើងទៀន និងព្រះចន្ទ របស់បន្ទាយមិនអាចចាំងភ្នែករាស្ត្រតទៅទៀតបានទេ។ ដើម្បីបញ្ចប់បណ្តាសាព្រះអាទិត្យ បន្ទាយព្រះអាទិត្យគួរវិលត្រលប់មកអនុវត្តតាមលក្ខន្តិកៈរបស់បន្ទាយ និងកែប្រែបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំឱ្យស្របតាមគោលការណ៍ច្បាប់នានាឡើងវិញ។ ប្រមុខនិងអ្នកកំណត់យុទ្ធសាស្ត្របន្ទាយព្រះអាទិត្យនាពេលកន្លងមក គួរហ៊ានទទួលខុសត្រូវនូវការវិនិច្ឆ័យ និងគិតខុសរបស់ខ្លួន ដោយសុខចិត្តលាលែងចេញពីតំណែងទុកឱ្យអ្នកផ្សេងដែលមានសមត្ថភាពជាងខ្លួន ចាស់ទុំជាងខ្លួន និងមិនជាប់ពីបទចោទប្រកាន់នានាដឹកនាំវិញម្តង ចៀសវាងខាំស្មៅបង្ករការលំបាក ដល់បន្ទាយទាំងមូល ឬទម្លាក់កំហុសទៅបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួន។
ដោយ៖ ភ្នំប្រុស