(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានអញ្ជើញរៀបចំពិធីបួងសួងសូមសេចក្តីសុខ ដើម្បីនាំគ្រឿងច្រកចូលទីតាំងសាងសង់ អាគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ពិធីក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាពរបស់ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
អាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី ត្រូវសាងសង់លើផ្ទៃដីចំនួន៣ហិកតា នៅតំបន់អភិវឌ្ឍន៍ជ្រាយចង្វារ ជាប់នឹងទីតាំងដែលកំពុងសាងសង់អាគារស្នាក់ការរបស់សភាពសហព័ន្ធយុវជនកម្ពុជា។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលរៀបចំឡើងនៅសាលមហោស្រពចតុមុខ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ បានប្រកាសថា នឹងសាងសង់សាកលវិទ្យាល័យវិចិត្រសិល្បៈ ដ៏ស្អាតមួយនៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ជាមួយតម្លៃជំហានដំបូង ប្រមាណ១២លានដុល្លារ លើផ្ទៃដីប្រមាណ៣ហិចតា ដែលបានពីការផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «រយៈពេលកន្លងទៅនេះ ខ្ញុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ជាមួយលោកជំទាវ ភឿ សកុណា ក៏បានគិតគូរថា នឹងរៀបចំសាកលវិទ្យាល័យថ្មីមួយ នៅលើទឹកដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារថ្មីនេះ ជាមួយទឹកប្រាក់ ជំហានដំបូង ១២លានដុល្លារសហរដ្ឋអាមេរិក ហើយបូកទាំងដីមជ្ឈមណ្ឌលវប្បធម៌ គឺសរុបដី៤ហិចតាអាលូវសំខាន់គឺការរៀបចំធ្វើយ៉ាងណា ដើម្បីចេញដំណើរទឹកប្រាក់១២លានដុល្លារនេះឲ្យបាន ឆាប់តាមដែលអាចធ្វើបាន យើងត្រូវធ្វើគម្រោង មួយជំហានម្តង មួយជំហានម្តងដើម្បីរុញ គម្រោងនេះឲ្យវាទៅមុខ។ យើងត្រូវធ្វើសាកលវិទ្យាល័យវិចិត្រសិល្បៈឲ្យស្អាតនៅក្នុងដំណាក់កាលនេះ។ ប៉ុន្តែផ្ទៃដី៣ហិចតាបង្កើតសាកលវិទ្យាល័យ គឺជាជំហានដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនលើទឹកប្រាក់១២លានដុល្លារដើម្បីសាងសង់»៕