(អ៊ីរ៉ាក់)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងក្រុម ISIS ក្នុងទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ ដែលបានផ្ដាច់យកអាយុជីវិតជនស៊ីវិលរាប់សិបច្រើននាក់។ នេះបើតាមបើតាមក្រុមមន្ត្រីអារ៉ាក់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីអ៊ីរ៉ាក់ និងសាក្សីជាច្រើននាក់ ការវាយប្រហារតាមផ្លូវអាកាសដោយក្រុមចំរុះអន្តរជាតិ បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ក្នុងរយៈពេលចុងក្រោយនេះ នៅឯភាគខាងលិចទីក្រុងមូស៊ុល ហើយបើទោះជាចំនួនជនរងគ្រោះពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់ក៏ដោយ ក៏ប៉ុន្តែមន្ត្រីអ៊ីរ៉ាក់ម្នាក់ បានប្រាប់ Russian Today ថា ជនស៊ីវិលយ៉ាងហោចណាស់១០០នាក់ បានបង់ជីវិត។
ចំណែកឯក្រុមចំរុះអន្តរជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់ដូច្នេះថា៖ «ដោយមានការស្នើសុំពីកងកម្លាំងអ៊ីរ៉ាក់ ក្រុមចំរុះអន្តរជាតិ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធ និងបរិក្ខាយោធា របស់ក្រុម ISIS កាលពីថ្ងៃទី១៧ ខែមីនា នៅភាគខាងលិចទីក្រុងមូស៊ុល ទីដែលមានសេចក្ដីរាយការណ៍ពីជនរងគ្រោះស៊ីវិល»។
គួររំលឹកថា កាលពីដើមខែមីនា កន្លងទៅក្រុមចំរុះអន្តរជាតិបានឱ្យដឹងថាជនស៊ីវិលយ៉ាងហោចណាស់ ២២០នាក់ ត្រូវបានសម្លាប់ដោយអចេតនានៅក្នុងការ វាយប្រហារតាមផ្លូវអាកាសនៅស៊ីរី និងអ៊ីរ៉ាក់ គិតចាប់តាំងពីឆ្នាំ២០១៤៕