(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចោទប្រកាន់ក្រុមហ៊ុន «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន»ថា បានយកគ្រឿងចក្រទៅឈូសឆាយដីរបស់ពួកគាត់ទាំងបំពាន ពោលបានរំលោភលើដីការក្សាការពារ របស់តុលាការខេត្តកណ្តាលទៀតផង ព្រមទាំងលើកឡើងថា ក្រុមហ៊ុននេះអាងមានមន្រ្តីយោធានៅពីក្រោយខ្នង។ ជុំវិញករណីនេះតំណាង «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញមកបកស្រាយ ដោយច្រានចោលការចោទប្រកាន់ទាំងនោះ និងថាមិនមែនជាគ្រឿងចក្រ ហើយក៏មិនមែនជាដីរបស់ខ្លួន នៅចំណុចនោះទេ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ តំណាងក្រុមហ៊ុន «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន» បានបញ្ជាក់ថា តាមពិតគ្រឿងចក្រនោះ មិនមែនឈូសឆាយលើដីពលរដ្នរឺដីក្រុមហ៊ុនអូរៀនថលលឡើយ ពោលគឺឈូសឆាយលើដីរបស់ក្រុមហ៊ុនផ្សេង។ បញ្ជាក់កាន់តែច្បាស់ជាងនេះ តំណាងក្រុមហ៊ុនរូបនេះ ក៏បានបកស្រាយថា ដីខាងលើក៏មិនមែនជារបស់ខ្លួន ពោលជាដីរបស់ក្រុមហ៊ុនឯកជនមួយទៀត ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវពីអាជ្ញាធរ និងមន្រ្តីជំនាញ ថែមទាំងមានលិខិតបញ្ជាក់ទទួលស្គាល់ពីតុលាការផងដែរ។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន ក៏បានចាត់ទុកថា ការចោទប្រកាន់នេះគឺមានជនមួយក្តាប់តូច បានយកប្រជាពលរដ្ឋជាខែល ដើម្បីធ្វើការតវ៉ា ហើយក្រុមហ៊ុនក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកជនខិលខូចដែលបង្កើតរឿងនេះដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុន អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន ត្រូវបានប្រជាពលរដ្ឋចំនួន៥គ្រួសារ ចោទថា បានធ្វើសកម្មភាព យកគ្រឿងចក្រឈូសឆាយរំលោភលើដីធ្លីរបស់ពួកគាត់ នៅចំណុចទំនប់៩៤-៩៦ ស្ថិតនៅភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា ពួកគាត់មានឯកសារត្រឹមត្រូវ និងមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរពាក់ព័ន្ធដូចជា មេភូមិព្រៃរយោង និងមេភូមិស្វាយព្រៃ មេឃុំកណ្តោក និងអភិបាលស្រុកកណ្តាលស្ទឹង ដោយមានការចុះហត្ថលេខា និងប្រថាប់ត្រាត្រឹមត្រូវតាមច្បាប់។ ហើយពួកគាត់បានកាន់កាប់ដីមានលក្ខណៈជាប់លាប់ជាអអចិន្ត្រៃយ៍ កាន់កាប់ដោយចំហរ មានការដឹងឮពីអាជ្ញាធរ។ ស្រាប់តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានយកគ្រឿងចក្រចំនួន៣គ្រឿង មកឈូសឆាយលើដីរបស់ពួកគាត់ និងនៅពេលថ្មីៗ ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសឆាយលើដីប្រជាពលរដ្ឋសាជាថ្មីទៀត។
តែយ៉ាងណានោះ តំណាងក្រុមហ៊ុន បានបញ្ជាក់ហើយថា ដីនៅតំបន់នេះទាល់តែក្រុមហ៊ុនមួយទៀត បានដោះស្រាយផលប៉ះពាល់រួចហើយ ជាមួយភាគីពាក់ព័ន្ធទើបក្រុមហ៊ុន អាចទិញយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាន ដើម្បីកុំឲ្យមានបញ្ហាកើតឡើងនាពេលក្រោយទៀត៕