(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ នៅគ្រប់ទីកន្លែង គឺដើម្បីធ្វើយ៉ាងណាឲ្យជីវភាពលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានភាពប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃតាមរយៈការតម្លើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភផ្សេងៗ។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធី សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូជាង៥០០នាក់ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នោះថា « រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ដើម្បីអភិវឌ្ឍ និងការបង្កើនវិស័យអប់រំ ពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នៅគ្រប់ទីកន្លែង និងយកចិត្តទុកដាក់ ចំពោះជីវភាព កិត្តិយស និងឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធធ្វើយ៉ាងណា ដើម្បីឲ្យជីវភាពលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានភាពប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃតាមរយៈ ការតម្លើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភផ្សេងៗ»។
លោកបានបន្ថែមថា លើសពីនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ចំពោះឱកាសចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាអប់រំ តាមរយៈការបង្កើតគុណវុឌ្ឍក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម ការបង្ហាញស្នាដៃគ្រូល្អ នាយកល្អ ការលើកទឹកចិត្តលោកគ្រូ អ្នកគ្រូជាច្រើន ដែលនេះហើយគឺជាការវិវឌ្ឍរបស់យើង។
លោកបានបន្តថា «លោកគ្រូ អ្នកគឺជាអ្នកមានគុណទី២ ដែលបានផ្តល់ចំណេះដឹងដើម្បីឲ្យសិស្សក្លាយ ជាបុគ្គលប្រកបដោយសមត្ថភាព សីលធម៌ គុណធម៌ ដែលនេះគឺ គុណូបការៈដ៏ធំធេងក្នុងការចូលរួម ចំណែកកសាងអនាគតសិស្សនិស្សិត ឲ្យទទួលបានជោគជ័យ និងចូលរួមអភិវឌ្ឍសង្គមជាតិ»។
លោកបន្តថា កិត្តិយសលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំតាមរយៈ ការទទួលស្គាល់ពីសង្គម សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនអប់រំ កូនចៅប្រជាពលរដ្ឋឲ្យក្លាយជាបុគ្គលដែលមានចំណេះដឹង សីលធម៌ គុណធម៌។
លោកថា ជាក់ស្តែងគម្លាតខួរក្បាលជាមួយប្រទេសរីកចម្រើន និងបរទេសជិតខាងមិនខុសគ្នាទេ គឺសិស្សនិស្សិតខ្មែរបានទទួលលទ្ធផលល្អៗ និងស្នាដៃជាច្រើនទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ដែលផ្ទុយពីអតីតកាលយើងបានជួបប្រទះ នូវសង្គ្រាមហើយគ្មានឱកាសទៃ។
ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត ក៏សូមថ្លែងនូវការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តក្នុងការបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹងសមត្ថភាព សីលធម៌ គុណធម៌ និងចូលរួមកសាងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរហូតដល់សព្វថ្ងៃ៕