(កំពង់ចាម)៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានត្រេកអរយ៉ាងខ្លាំង ពេលដែលដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ តម្លៃអគ្គិសនី នឹងចុះថោកបំផុតរហូតដល់ទៅ៤.៨០រយរៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ។
ប្រជាពលរដ្ឋបានឲ្យដឹងថា យើងទាំងអស់គ្នាសប្បាយចិត្ដណាស់ ដែលតម្លៃភ្លើងធ្លាក់ចុះយ៉ាងដូច្នេះ ដោយសព្វថ្ងៃតម្លៃភ្លើង នៅខេត្ដកំពង់ចាមនេះ ក្នុងមួយគីឡូវ៉ាត់ម៉ោង៨រយរៀល ដូចនេះការតម្លៃភ្លើងអគិ្គសនីនេះចុះថោក នឹងជួយសម្រាល ការចំណាយ របស់ពួកយើង មានមួយចំណែកធំផងដែរ។
ព្រមជាមួយគ្នានេះ លោកម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា «ខ្ញុំក៏សប្បាយរីករាយខ្លាំងណាស់ ពេលឃើញប្រជាពលរដ្ឋ រស់នៅបានសុខសាន្ដ និងសប្បាយរីករាយពេលដែលដឹងថា តម្លៃអគ្គិសនី នឹងមានតម្លៃថោក រហូតដល់ទៅ ៤.៨០រយរៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូ ក្នុងមួយខែ ហើយបើប្រជាពលរដ្ឋ ប្រើប្រាស់មិនលើសពី៥០ ក្នុងមួយខែ តម្លៃត្រឹមតែ៦.១០រៀលតែប៉ុណ្ណោះ ដែលនេះជាគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ »។
លោកថ្លែងបែបនេះ ក្នុងឱកាសសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តទួលជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនកុះករ ។
លោកម៉ាឈឿនបន្ថែមថា «នេះជាការបង្ហាញពីភាពរីកចម្រើន សម្បូរសប្បាយរបស់ប្រទេសកម្ពុជាយើង ស្របពេលប្រទេសយើងគ្មានសង្គ្រាម មានតែសន្ដិភាព ទើបអាចអភិវឌ្ឍប្រទេស បានយ៉ាងឆាប់រហ័ស ដោយក្រោកការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន ទាំងហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូច ធំ នៅទីក្រុង ទីប្រជុំជននានាទូទាំងប្រទេស ជាពិសេសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ»។
ទន្ទឹមនឹងនោះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ថា ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា គឺជាគ្រឹះស្ថានកាន់កាប់ និងគ្រប់គ្រងដោយឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋទេ ហើយបង្កើតឡើងដើម្បី ស្វែងរកប្រាក់ចំណេញសម្រាប់ទ្រទ្រង់និរន្តរភាព ប្រតិបត្តិកររបស់ខ្លួន តែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ ពីស្ថាប័នឯកជនទាំងនោះ គឺត្រូវសងប្រាក់កម្ចីទាំងនោះ ឲ្យគេវិញ ដោយខ្លួនឯងមិនមានអ្នកណាសងជំនួសនោះទេដូច្នេះកុំជឿទៅតាមការឃោសនាបោកប្រាស់របស់ជនខិលខូចមួយចំនួនឲ្យសោះ វាមិនអាចនោះទេ៕