(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល ជាមួយនិស្សិត មានលំនៅដ្ឋាននៅខេត្តបន្ទាយមានជ័យ១៩០០នាក់ ដែលមកបន្តការសិក្សា នៅរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាសប្បុរសជនជាតិ និងអន្តរជាតិ។
ក្នុងពិធីសំណេះសំណាលនេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ប្អូនក្មួយៗជានិស្សិតទាំងអស់ដូចជា៖
១៖ ត្រូវរក្សាឲ្យបាននូវការរាប់អាន និងចេះជួយគ្នា ក្រោមពាក្យបណ្តាំនៅផ្ទះម្តាយទទៃ នៅព្រៃម្តាយជាមួយ
២៖ បន្តរក្សាចលនាវប្បធម៌ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងរវាងគ្នាតាំងពីភ្នំពេញ ដល់បន្ទាយមានជ័យ
៣៖ បន្តជួយផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
៤៖ ចូលរួមជាមួយរក្សាឲ្យបាននូវសន្តិភាព និងសន្តិសុខនៅមូលដ្ឋានរស់នៅ ធ្វើជាយុទ្ធជនប្រឆាំងគ្រឿងញៀន មិនមែនយុទ្ធប្រើប្រាស់គ្រឿងញៀនទេ
៥៖ ក្មួយទាំងអស់ត្រូវតែខិតខំសិក្សាស្រាវជ្រាវ ដើម្បីសម្រេចឲ្យបាននូវបំណងខ្លួនឯង ឱពុកម្តាយ អាណាព្យាបាល និងអ្នកគាំទ្រ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រមូលនិធិទាំងអស់ ព្រមទាំងបានឧបត្ថម្ភថវិកាជូននិស្សិតទាំង១៩០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល និងអាវភ្លៀង១ផងដែរ៕