(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាព ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ក្នុងន័យនេះនាយឧត្តមសេនីយ៍ បានទទូចដល់បងប្អូនប្រជាពលរដ្ឋពាណិជ្ជករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សទាំងអស់ រួមសាមគ្គីគ្នា មានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព សុវត្ថិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ក្មួយៗទាំងអស់ ឲ្យប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមក្នុងការសិក្សារៀនសូត្រ និងបានលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ សំដៅអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿងជាលំដាប់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក គិន សុវណ្ណធី ប្រធានការិយាល័យធម្មការស្រុក តំណាងគណៈកម្មការវត្តបានឲ្យដឹងថា សមិទ្ធផលទាំងនោះមានព្រះវិហារថ្មី បានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៧ ដែលមានបណ្តោយ៤២,៦៦ ម៉ែត្រ ទទឹង១៩ម៉ែត្រ និងកំពស់២១,៥ម៉ែត្រ និងរោងឧបោសថនេះ ត្រូវបានកសាងរួចរាល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ចំណាយថវិកាអស់៥៩៧ ២៤៥ ១០០រៀល និង៥៣៤៥៩ដុល្លារ ។ ថវិកាសម្រាប់សាងសង់នេះ បានមកពីសំណាក់ លោក លោកឧកញ៉ា និងញាតិញោម ពុទ្ធបរិស័ទទាំងអស់ចំណុះជើងវត្តទាំងអស់។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានផ្តល់នូវជំនឿជឿជាក់ បរិច្ចាគធនធាន និងថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីរួមសាមគ្គីក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា។
លោកថា ការកសាងសមិទ្ធផលនានាក្នុងវត្តពោធិ៍មានជ័យ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ភិក្ខុ សាមណេរ ប្រើប្រាស់ស្របតាមពុទ្ធានុញ្ញាត ក្នុងការធ្វើសង្ឃកម្ម មានការសុំសីល សម្តែងអាបត្តិ បាតិមោក្ខជាដើម ដើម្បីសម្អាតខ្លួនឱ្យបានល្អ ស័ក្តិសមជាព្រះសង្ឃដែលជាស្រែបុណ្យ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានគូសបញ្ជាក់លើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៍ និងបានខិតខំយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ហើយរហូតមកដល់បច្ចុប្បន្ន មានវត្តអារាមនៅទូទាំងប្រទេសប្រមាណ៤.៨៧២វត្ត និងព្រះសង្ឃ៦៩.១៩៩អង្គ ក្នុងនោះ ខេត្តព្រះសីហនុ មានវត្តចំនួន៣៨ និងព្រះសង្ឃ៦១១អង្គ ចំណែកស្រុកស្ទឹងហាវមានវត្តចំនួន០២ និងព្រះសង្ឃចំនួន៣៥អង្គ ដែលមានប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិយ៉ាងច្រើនកុះករ។ ការរីកចម្រើនផ្នែកពុទ្ធចក្រ បានរួមចំណែក ក្នុងការបង្កើនធនធានមនុស្សសម្រាប់បម្រើឲ្យផ្នែកអាណាចក្រ ពីព្រោះថា ព្រះពុទ្ធសាសនាគឺជាកម្លាំងដឹកនាំចរិយាធម៌សង្គម សំដៅធានាបាននូវសាមគ្គីភាព ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ វត្តអារាម ជាមជ្ឈមណ្ឌលដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានចំណេះដឹង ទាំងផ្នែកអក្សរសាស្រ្ត និងជំនាញផ្សេងៗ ទាំងផ្លូវលោក និងផ្លូវធម៌។ សាសនាព្រះពុទ្ធ គឺជាឃ្លាំងផ្តល់នូវពុទ្ធិ ថែរក្សាគម្ពីរ អក្សរសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងថែរក្សាព្រលឹងខ្មែរតាំងពីបុរាណកាល ឲ្យស្ថិតស្ថេរគង់វង្ស និងរីកចម្រើន។ វត្តអារាម ជាទីកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់សិស្ស-និស្សិត សិក្សារៀនសូត្រ ជាទីជម្រកសម្រាប់ចាស់ជរាកុមារកំព្រាគ្មានទីពឹង និងជាទីកន្លែងសម្រាប់អប់រំ ទូន្មាន ប្រៀនប្រដៅ និងពត់ចិត្តមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អ»៕