(ភូកេត-ថៃ)៖ ក្រុមហ៊ុន EPSON បានរៀបចំពិធីជួបជុំដ៏ធំមួយ សំរាប់បណ្តាប្រទេសនៅក្នុងតំបន់ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដើម្បីប្រកាសចេញនូវការអភិវឌ្ឍន៍ឈានទៅមុខក្នុងឆ្នាំ ២០១៧ នៅក្នុងនាំមកនូវរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗ ក្នុងទីផ្សារបណ្តាប្រទេសទាំងបួននេះ។
នារយៈពេលចុងក្រោយនេះ បច្ចេកវិទ្យា Epson កំពុងតែវិវឌ្ឍខ្លួនចូលទៅក្នុងទីផ្សារ CLMV ក្នុងការបង្កើននូវសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនមួយនេះ នៅតែរក្សាភាពរីកចម្រើន នៃអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ។
ការដាក់បង្ហាញនូវផលិតផល បច្ចេកវិទ្យាជាច្រើន ស៊េរីដូចជាម៉ាស៊ីន Projectors និងម៉ាស៊ីនព្រីន (Printers) កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Epson បានបន្តនូវការដាក់បង្ហាញបច្ចេកវិទ្យាថ្មីៗ របស់ខ្លួន ដើម្បីឆក់យកឱកាសក្នុងការសាង អាជីវកម្មរបស់ខ្លួនឲ្យកាន់តែខ្លាំងនៅក្នុងតំបន់នេះ។
លោក Toshimitsu Tanaka នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Epson ក្នុងប្រទេសសិង្ហបុរី ថ្លែងថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Epson សម្រេចបានលទ្ធផលយ៉ាងល្អទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ យើងបានសម្រេចគោលដៅ ដោយឈរនៅចំណាត់ថ្នាក់កំពូល ដែលមានភាគហ៊ុនធំជាងគេ នៅលើទីផ្សាររបស់ Projectors ដល់ទៅ ៣៥.៥%។ យើងបានឃើញពីការរីកចម្រើន សរុបដល់ទៅ ១៤% ចាប់ពីឆ្នាំ ២០១៥មក។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង ទៅកាន់អតិថិជនដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីៗជាច្រើន។
លោកបានបន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់ពិភពលោក យើងកំពុងបន្តស្វែងរកនូវបច្ចេកវិទ្យា ដែលផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ ដ៏អស្ចារ្យមួយក្នុងការបង្កើតការតភ្ជាប់ ការផ្តល់ព័ត៌មានកាន់តែមានប្រសិទ្ធិភាព ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យរបស់យើង។ ចក្ខុវិស័យជាសកលរបស់យើង គឺផ្តោតទៅលើរបកគំហើញ នៃបច្ចេកវិទ្យាថ្មីដែលជាគន្លឹះសំខាន់ នៅក្នុងវិស័យនៃម៉ាស៊ីនព្រីន (Inkjet Printing) ការទំនាក់ទំនង ការប្រើប្រាស់ឧបករណ៍ពាក់នឹងដៃ ជាមួយនឹងរ៉ូបូតផងដែរ»។
លោក Yunyoung Muneemongkoltorn ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Epson Co., Ltd នៅក្នុងប្រទេសថៃ ក៏បានថ្លែងផងដែរថា លទ្ធផលនៃប្រតិបត្តិការក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Epson ឆ្លងផុតនូវស្ថានភាពដ៏តានតឹង ជាច្រើននៅក្នុងប្រទេសថៃ។ បើទោះបីជាឧស្សាហកម្មផ្នែកព័ត៌មានវិទ្យា មានទំហំកាន់តែតូចក្តី អាជីវកម្មរបស់ក្រុមហ៊ុន Epson នៅតែបន្តរីកលូតលាស់។ ការលក់ម៉ាស៊ីនព្រីនធ័រ ក្នុងចំណោមផលិតផលជាច្រើនរបស់ក្រុមហ៊ុន Epson កើនឡើងកម្រិតខ្ពស់បំផុតដល់ទៅ៥០%។ ម៉ាស៊ីន Projectors ឈរនៅចំណាត់ថ្នាក់លេខ២ ដែលមានការកើនឡើងដល់ទៅ១៦% ។ ចំនែកការលក់ម៉ាស៊ីន Inkjet-Printer នៅតែរក្សាស្ថិរភាពដដែល ហើយក្រុមហ៊ុន Epson នៅតែឈរក្នុងចំណាត់ថ្នាក់លេខ១ ដដែលនៅក្នុងម៉ាកយីហោព្រីនធ័រ Ink-Tank-Printer ។ ទីផ្សារភាគហ៊ុននៃវិស័យព្រីនធ័រ Ink-Tank-Printer នេះមានការកើនឡើងខ្ពស់ដល់៥៩% ។
លោកបន្ថែមទៀតថា «ការធ្វើអាជីវកម្ម និងឧស្សាហកម្មនៃការលក់ម៉ាស៊ីនព្រីនធ័រ កំពុងតែមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនបានផ្លាស់ប្តូរ ពីការប្រើប្រាស់ប្រព័ន្ធ Analogue ទៅកាន់ប្រព័ន្ធឌីជីថលវិញ។ ការជឿជាក់ទៅលើម៉ាស៊ីនព្រីនធ័រ របស់ក្រុមហ៊ុន Epson កំពុងមានការកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនជឿច្រើនជឿជាក់ ទៅលើផលិតផលរបស់ក្រុមហ៊ុន Epson ទៅលើភាពជឿជាក់ និងគុណភាពរបស់វា ការចំណាយថវិកាតិច និងឱកាសក្នុងការបង្កើតអាជីវកម្មថ្មី»។
សម្រាប់ម៉ាស៊ីនព្រីនធ័រ Epson វាមានសមត្ថភាពអាចធ្វើការងារបានច្រើន និងផ្តល់គុណភាពកម្រិតខ្ពស់បំផុត។ អ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ ក្រុមហ៊ុន Epson ក៏ជាផលិតផលឈានមុខគេ។ នៅក្នុងការដាក់បង្ហាញនូវផលិតផល បច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ក្រុមហ៊ុន Epson បានប្រឡូកចូលទៅក្នុងអាជីវកម្មជាច្រើន។ នៅក្នុងពេលដំណាលគ្នានេះ ការលក់ម៉ាស៊ីន Epson Projector មានការកើនឡើងខ្លាំងនៅលើទីផ្សារ បើធៀបជាមួយនឹងក្រុមហ៊ុនដៃគូប្រកួតប្រជែង។ ក្រុមហ៊ុន Epson នៅតែឈរនៅចំណាត់ថ្នាក់លេខ១ នៅក្នុងម៉ាកយីហោ Projector ល្បីនៅប្រទេសថៃ ដែលមានចំណែកទីផ្សារដល់ទៅ៤៤%។
ភាពជោគជ័យដ៏ធំធេងនេះ បង្ហាញថា ក្រុមហ៊ុន Epson នៅតែបន្តក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន និងការ Upgrade ទៅលើផលិតផលចាស់ៗផងដែរ។ នាពេលបច្ចុប្បន្ននេះ វាមានម៉ាស៊ីន Epson Projector ច្រើនជាង៦០ ម៉ូដែលដាក់លក់នៅលើទីផ្សារ។ យើងបង្កើតឱ្យមានសកម្មភាពទីផ្សារជាច្រើនដើម្បីសិក្សាអំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងសម្រាប់បង្កើនការលក់ផងដែរ៕