(ភ្នំពេញ)៖ ខ្លោងទ្វាអង្គរសង្ក្រាន្ដ ត្រូវបានបង្ហោះជាសាធារណៈ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ ក្រោយពីក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមជាមួយនឹងសាស្រ្តាចារ្យ ប្រវត្តិវិទូ និងសិល្បករជំនាញៗ សហការគ្នាសិក្សាពីប្រវត្តិក្បូក្បាច់ស្ថាបត្យកម្ម បង្កើតចេញជាស្នាដៃថ្មីៗ គួរជាទីមោទន:។
តាមរយៈរូបភាពដែលបានបង្ហោះនោះ យើងសង្កេតឃើញថា ក្បាច់ដែលរចនាឡើង សុទ្ធតែជាក្បាច់របស់ខ្មែរ ដែលក្នុងនោះរួមមាន៖ ក្បាច់ត្របកឈូកអង្គរ, ក្បាច់ចកអង្គរ, ក្បាច់ចង្វាយអង្គរ, ក្បាច់ពងត្រី, ក្បាច់អង្គរសន្លឹកទម្រង់ហៀនបំបែក, សត្វហង្ស, ព្វរ៉ា, កូនក្រឡឹងកំពូលពេជ្យ ឬកំពូលមិត និងក្បាច់ហោជាង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធី មហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព «ប្រវត្តិមួយសតវត្សន៍ នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្ថរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងសិល្បៈល្ខោនខោល ដែលនឹងត្រូវបានយកមកសម្តែង ជាផ្ទាំងទស្សនីយភាពទ្រង់ទ្រាយធំ ក្រោមការរៀបចំតម្លើង និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួររំឭកថា នេះជាលើកទី០៥ ហើយដែលសហភាពសហព័ន្ធ យុវជនកម្ពុជាសហការជាមួយស្ថាប័ន និងអាជាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តលើទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប៕