(កំពង់ឆ្នាំង)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កម្មករ និងអ្នកបើកបរដឹកកម្មករ នៅភូមិតាំងត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់កម្មករ និងអ្នកបើកឡានដឹកកម្មករ បានចំនួន១៣៦លើក ស្មើនឹង១៣៦រោងចក្រ មានអ្នកចូលរួមចំនួន១៧,៨៤៤នាក់ និងអ្នកបើកបរចំនួន៦,២៧៧នាក់។
ក្រុមការងារផ្សព្វផ្សាយនេះ មានសមាសភាពមកពី ប.ស.ស នៃក្រសួងការងារ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការពន្យល់ និងណែនាំអប់រំពីសុវត្ថិភាពលើការធ្វើដំណើរ របស់កម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
-មិនត្រូវបើកបរលើសល្បឿនកំណត់ដាក់ខាត
-មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត
-មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
-មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត
-ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត
-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
-ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
-ត្រូវប្រកាន់ស្តាំជានិច្ច
-ត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ច
-ត្រូវប្រុងប្រយ័ត្នជានិច្ច។
នៅក្នុងពិធីផ្សព្វផ្សាយខាងលើ លោកស្រី មឹន មាណវី ក៏បានចែកមួកសុវត្ថិភាពជូនដល់កម្មករ-កម្មការិនី អ្នកបើកបរដឹកកម្មករ និងចូលរួម៥០០នាក់ ក្នុងម្នាក់ៗទទួលបាន មួកសុវត្ថិភាពចំនួន១៕