(តាកែវ)៖ ក្រៅពីធ្វើការងារជាមួយកម្មករមេសហជីពដ៏ធំមួយ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ( NLC ) បានដឹកនាំក្រុមការងារ នាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន ចែកជូនទៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាតុំ ស្ថិតនៅភូមិតុំ ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាលើកទី២ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១៧ ដើម្បីជួយសម្រួលការលំបាក។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឲ្យដឹងថា ឆ្លៀតពេលធ្វើការងារជាមួយកម្មករ-កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស រូបលោករួមជាមួយថ្នាក់ដឹងនាំសហព័ន្ធ បាននាំយកថវិកាជូនលោកគ្រូ អ្នកគ្រូ៤០ម៉ឺនរៀល និងសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្ស១២០នាក់ ក្នុងម្នាក់ៗទទួលបាន កាតាបមួយ, ប៊ិច២ដើម, ខ្នៅដៃ២ដើម ,ជ័រលុប២ដុំ ,បន្ទាត់២ដើម និងប្រាក់២ពាន់រៀល។
លោកសំ សឿន បន្តថា នេះជាលើកទី២ ហើយសម្រាប់ការជួយនិងចែករំលែក សម្រួលការលំបាករបស់ប្អូនៗក្មួយៗសិស្សានុសិស្ស ដែលជួបការខ្វះខាត ហើយលោកក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាចូលរួមបន្តជួយឧបត្ថម្ភបន្តទៀត៕