(មណ្ឌលគិរី)៖ ប្រតិបត្តិការអស់រយៈពេលជាង៥ម៉ោង ត្រូវបានមន្ដ្រីពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមូលដ្ឋាន រួមគ្នាជួយសង្គ្រោះ សត្វដំរីទាំង១១ក្បាល (រួមទាំងកូនដំរី) ដែលបានធ្លាក់ចូលក្នុងរណ្ដៅ គ្រាប់បែកសម័យសង្គ្រោះ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី រហូតទទួលបានជោគជ័យ ហើយបានព្រលែងហ្វូងដំរីព្រៃ ទាំងនេះចូលទៅក្នុងព្រៃទីកន្លែងរស់នៅរបស់ពួកគេផងដែរ។
ចំពោះប្រតិបត្តិការជួយហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាលនេះ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមកថ្លែង អំណរគុណ ចំពោះក្រុមការងារ ព្រមទាំងអំពាវនាវសាជាថ្មី ឲ្យអ្នកពាក់ព័ន្ធទាំងអស់បន្ដសកម្មភាព ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសត្វព្រៃ ដែលជាបេតិកភ័ណ្ឌធម្មជាតិ ដ៏មានតម្លៃសម្រាប់កូនចៅរបស់យើង នាពេលអនាគត។
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីវ័យក្មេង និងកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនោះ បានបញ្ជាក់នៅតាម Facebook របស់ក្រសួងបរិស្ថានយ៉ាងដូច្នេះថា «ជួសមុខឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ខ្ញុំសូមយកឱកាសនេះ សម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្ត និងដែនជម្រកសត្វព្រៃកែវសីមា កងកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអង្គការពាក់ព័ន្ធ និងប្រជាសហគមន៍មូលដ្ឋាន ដែលបានសហការគ្នា ក្នុងការខិតខំជួយសង្គ្រោះសត្វដំរីព្រៃចំនួន១១ក្បាល (រួមទាំងកូនដំរីផងដែរ) ដែលធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី រហូតទទួលបានជោគជ័យ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ»។
លោកបានថ្លែងទៀតថា «ដោយហេតុថា មានការខ្វះខាតមធ្យោបាយ និងដោយសារទីតាំងនោះ ស្ថិតនៅដាច់ស្រយាលពុំមានផ្លូវរថយន្តចេញចូល ក្រុមការងារបានប្រើប្រាស់គ្រប់លទ្ធភាព និងវិធីសាស្ត្រដែលខ្លួនមាន និងបានចំណាយពេលអស់ជាង៥ម៉ោង ដើម្បីជួយសង្គ្រោះសត្វដំរីទាំងនោះ។ កិច្ចប្រតិបត្តិការជួយសង្គ្រោះសត្វដំរីនេះ គឺជាកាយវិការដ៏ប្រពៃ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទឹកចិត្តស្រឡាញ់សត្វព្រៃរបស់មន្ត្រីមានសមត្ថកិច្ច អ្នកបចេ្ចកទេសជាតិ និងអន្តរជាតិ និងប្រជាសហគមន៍មូលដ្ឋាន។ ជាមួយនឹងស្មារតីនេះ ខ្ញុំសូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងយុទ្ធនាការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសត្វព្រៃ ដែលជាបេតិកភ័ណ្ឌធម្មជាតិ ដ៏មានតម្លៃបន្សល់ទុកដោយដូនតារបស់យើង ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើង នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត»។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងលោកបានបញ្ជាឲ្យអភិបាលស្រុក និងមន្រ្ដីពាក់ព័ន្ធ ធ្វើរបងជុំវិញរណ្ដៅមួយនេះ ការពារខ្លាចកើតឡើងបន្ដទៀត និងម្យ៉ាងទៀត ដើម្បីទុកជាភស្ដុតាង ដែលបន្សល់ដោយសង្គ្រាម បង្កឡើងដោយសហរដ្ឋអាមេរិក។ បើតាមលោកអភិបាលខេត្ត រណ្ដៅដែលកើតឡើងដោយសារការទម្លាប់គ្រាប់ បែបនេះ គឺមានច្រើនទៀតនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា លោក ស្វាយ សំអ៊ាង បានថ្លែងថា បន្ទាប់ពីជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្រ្តីបរិស្ថាន ដែនជម្រកសត្វព្រៃកែវសីមា សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋមូលដ្ឋាន នៅទីបំផុតសត្វដំរីទាំង១១ក្បាល ត្រូវបានជួយសង្គ្រោះឡើងមកលើគោកអស់ហើយ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា សត្វដំរីទាំង១១ក្បាល បន្ទាប់ពីជួយសង្គ្រោះហើយ ត្រូវបានព្រលែងចូលទៅក្នុងព្រៃអស់ហើយ។ ការសង្គ្រោះសត្វដំរីទាំងនេះ ត្រូវបានក្រុមការងារចំណាយពេលប្រមាណជាង៥ម៉ោង យកចេញពីរណ្តៅដែលមានជំរៅជាង៣ម៉ែត្រ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញបានប្រើម៉ាស៊ីនបូមទឹក ដើម្បីបាញ់ចូលរណ្តៅងាយស្រួល ដំរីដកដង្ហើមពេលទឹកច្រើន និងបន្ទាប់មកនាំគ្នាកាយដីដើម្បីឲ្យរៀបស្មើនឹងរណ្តៅ ព្រមទាំងទម្លាក់មែកឈើឲ្យដំរីអាចឡើងលើគោកបាន៕