(ភ្នំពេញ)៖ ការប្រកួត និងសម្ដែងកីឡាចំនួន១១ប្រភេទ ដែលទទួលបន្ទុករៀបចំ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៣ នៅខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរហើយ បើគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យលក្ខណៈទេសចរណ៍នេះ។
កីឡាទើបបញ្ចប់ក្រោយគេថ្ងៃនេះរួមមាន៖ កីឡាបាល់ទាត់ហ្វូតសាល និងកីឡាបាល់ទះ ដែលមានការចូលរួមពីក្រុមមកពីប្រទេសឡាវផងដែរ។ ចំពោះលទ្ធផលបាល់ទាត់វិញផ្នែកបុរសជើងឯកបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុមវីរៈ ៧០១។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត។
រីឯលទ្ធផលបាល់ទះវិញ ផ្នែកបុរសជើងឯកបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច។ ចំណែកផ្នែកនារីជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់ ដែលពិធីប្រគល់ពានរង្វាន់ជ័យលាភីបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ។
ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងឲ្យដឹងថា ឆ្នាំនេះ ក៏មិនខុសពីបុណ្យទន្លេឆ្នាំមុនៗដែរ ដោយទទួលការគាំទ្រច្រើនពីមហាជនដូចគ្នា ពិសេសគឺប្រជាពលរដ្ឋខេត្តស្ទឹងត្រែងផ្ទាល់តែម្តង ដែលបានគាំទ្រ និងចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ធ្វើឲ្យសកម្មភាពកីឡាកាន់តែមានភាពអអិកអធមថែមទៀត។
លោកបន្តថា តាមរយៈការចូលរួមយ៉ាងផុលផុសនេះ គឺជាជោគជ័យមួយក្នុងផែនការយុទ្ធសាស្ត្ររបស់ NOCC ក្នុងការបំផុសប្រជាពលរដ្ឋ ឲ្យចូលរួមលេងកីឡា ដើម្បីជំរុញផែនការមេកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់។ លើសពីនេះ លោកក៏បានធ្វើការជំរុញឲ្យប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តដទៃបន្តការលេងកីឡាឲ្យបានកាន់ច្រើនបន្ថែមទៀតផងដែរ។
ប៉ុន្ដែទោះបីសកម្មភាពកីឡាត្រូវបានបញ្ចប់ក្ដី តែសកម្មភាពនៃការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលខ្មែរ មហស្របម្ហូបអារហារ និងការសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ដ្រីក្នុងព្រឹត្តិការណ៍នេះ នៅបន្ដរៀបចំរហូតដល់យប់ជ្រៅនាថ្ងៃទី២៦ ខែមីនានេះ ទើបបញ្ចប់ពិធីបុណ្យ ដែលធ្វើឡើងក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»នេះ។
គួរបញ្ជាក់ថា កីឡាទាំង ១១ប្រភេទ ដែល NOCC រៀបចំរយៈពេល ៣ថ្ងៃពេញក្នុងពិធីបុណ្យទន្លេឆ្នាំនេះ រួមមានកីឡាបាល់ទាត់, បាល់ទះ, ចំបាប់, ល្បុក្កតោ, ប្រដាល់គុនខ្មែរ, វាយសី, ទាញព្រ័ត្រ, រត់កម្សាន្ដ, ប្រណាំងកង់, ទូកកានូ និងកីឡារាំ។ ប៉ុន្ដែចំពោះបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ដែលគ្រោងធ្វើនៅខេត្តកណ្ដាល NOCC អាចបន្ថែមប្រភេទកីឡាមួយចំនួនទៀត ដោយសារស្ថិតនៅជិតរាជធានីភ្នំពេញ៕