(ក្រចេះ)៖ បុរសល្មោភកាមចាប់បង្ខំរំលោភសេពសន្ថវៈ លើកូនស្រីចិញ្ចឹមអាយុ១០ឆ្នាំ រាប់ដងក្នុងមួយខែៗ តាំងពីឆ្នាំ២០១៥ រហូតមកពេលនេះត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ តាមពាក្យបណ្តឹងរបស់ប្រពន្ធជនសង្ស័យតែម្តង។ ប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជើងភ្នំអាយៀ ភូមិរលចឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឌី អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ គឹម គង្គា អាយុ៣៦ឆ្នាំ។ មន្ត្រីនគរបាលបានបន្តថា មុនកើតហេតុការណ៍ នៅអំឡុងឆ្នាំ២០១៥ ជនសង្ស័យបានសុំកុមារីរងគ្រោះអាយុទើបតែ១០ឆ្នាំ ពីអ្នកភូមិម្នាក់យកមកចិញ្ចឹម ចាត់ទុកជាកូនបង្កើតដោយដាក់ឈ្មោះត្រកូលរបស់ខ្លួន (ជនសង្ស័យ) ឲ្យកុមារីនោះទៀតផង។
បើតាមមន្រ្តីនគរបាល ក្រោយយកមកចិញ្ចឹមជនសង្ស័យ តែងបានយកកុមារីរងគ្រោះទៅដេកចាំចម្ការនៅឆ្ងាយពីភូមិ ដោយមានឱកាសជនសង្ស័យជាឪពុកចិញ្ចឹមបានចាប់រំលោកសេពសន្ថវៈ ជារៀងរាល់ខែដោយក្នុងមួយខែៗពី៩ទៅ១០ដង ក្នុងនោះជនសង្ស័យតែង បានគំរាមសម្លាប់បើកុមារីនោះហ៊ានប្រាប់ទៅម្តាយ(ប្រពន្ធ) ឬប្រាប់អ្នកភូមិ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យបានចាប់រំលោភកុមារីរងគ្រោះបានម្តង។ មកដល់ថ្ងៃទី២៣ ខែមីនា បានចាប់រំលោភម្តងទៀត។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កុមារីរងគ្រោះបានមកភូមិ ក៏បានយករឿងរ៉ាវដែលឪពុកចិញ្ចឹមប្រព្រឹត្តមកលើខ្លួនទាំងប៉ុន្មាន ប្រាប់ម្តាយចិញ្ចឹមឲ្យដឹង ហើយម្ដាយបាននាំកូនស្រីនោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកន្ទួត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភនាងតាំងពីឆ្នាំ២០១៥រហូតមកមែន។
ក្រោយពីសារភាពរបស់ជនសង្ស័យសមត្ថកិច្ច បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕