(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ប្រធាននាយកដ្ឋានអង្គរក្ស និងជាប្រធានគណៈកម្មការការពារ នៃគណៈកម្មការរៀបចំពិធីបុណ្យទន្លេ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ដែលត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែង សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ជាមួយនឹងភ្ញៀវទេសចរ ដែលចូលរួមកំសាន្ដមានជាង៥ម៉ឺននាក់។ នេះបើតាមរបាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ។
បើតាមលោក ទូច ណារ៉ុថ យ៉ាងណាមិញបើទោះបីសភាពការណ៍សន្ដិសុខល្អប្រសើរក៏ដោយ ក៏កម្លាំងការពារគ្រប់គោលដៅ ទាំងអស់ នៅតែបន្ដទទួលខុសខ្ពស់ក្នុងការការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានបញ្ជាក់ថា «កម្លាំងចម្រុះបានជួយអន្ដរាគមន៍សង្គ្រោះ និងព្យាបាលជូនអ្នកដែលមកកំសាន្ដ ក្នុងតំបន់ប្រារព្ធពិធីបុណ្យចំនួន៦៨៤នាក់ ក្នុងនោះស្រី ៣៣៥នាក់ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកម្នាក់»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមីនា ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»៕