(ស្ទឹងត្រែង)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយនិងបង្កើត ព្រឹត្តការណ៍ទេសចរណ៍ឲ្យកាន់ផុសផុល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើន។

ថ្លែងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ ជាផ្លូវការ នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» និងអំពាវនាវឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ដងទន្លេ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍបៃតងនៅតំបន់នេះ ស្របតាមទស្សនទាន «ស្អាត និងបៃតង»

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ប្រធានបទបុណ្យទន្លេលើកទី៣នេះ គឺពិតជាស័ក្តិសមបំផុត ព្រោះថាខេត្តស្ទឹងត្រែង គឺជាខេត្តភាគឦសានមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត ប្រកបដោយសក្តានុពលអេកូ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់ ដែលអាចទាក់ទាញប្រយោជន៍ជាអតិបរិមា សមស្របសម្រាប់ ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់នេះ ក៏ដូចជាក្នុងប្រទេសទាំងមូល»។  

រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានអភិវឌ្ឍន៍រចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម និងទីកន្លែងសាសនាផ្សេងៗទៀត និងកសាងធនធានមនុស្ស រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើវិស័យកសិកម្ម អប់រំ សុខាភិបាល និងធនធានទឹក ជាដើម។

លោកបន្ថែមថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យទេសចរណ៍ ព្រោះថាភ្ញៀវទេសចរនឹងមិនហ៊ានធ្វើដំណើរកម្សាន្តឡើយ ប្រសិនបើគ្មានការធានាសន្តិសុខ និងសុវត្ថិភាពឲ្យបានល្អសម្រាប់គេនោះទេ។ ដោយសារកត្តាអំណោយផលទាំងនេះ និងធនធានទេសចរណ៍ដ៏សម្បូរបែប នៅកម្ពុជា ក្នុងរយៈពេលដ៏ខ្លីមួយ ឧស្សាហកម្មក្មេងខ្ចីនេះ បានក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
 
ជាក់ស្តែងនៅឆ្នាំ២០១៦ កន្លងទៅ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចពីបណ្តាវិស័យនានា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ដែលបាននាំមកនូវប្រាក់ចំណូល ជាង៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែក ប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប ហើយបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ ជាង៦០០ពាន់នាក់និងដោយ ប្រយោលរាប់សិបពាន់ផ្សេងទៀត។ ទាំងនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទី នៃវិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ច-សង្គម សម្រាប់ធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា សក្តិសមនឹងការប្រសិទ្ធនាម «ទេសចរណ៍ជាមាសបៃតង»

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យទន្លេនេះ សបញ្ជាក់ឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃតំបន់តាមដងទន្លេ ក៏ដូចជាការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅរួមចំណែកធ្វើឲ្យជាតិ មាតុភូមិកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ ប្រជាពលរដ្ឋនៅទីនោះផងដែរ ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងតែខិតខំក្នុងការអភិវឌ្ឍប្រទេស និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចពិធីបុណ្យទន្លេ លើកទី៣ នាពេលនេះជាដើម៕