(ស្ទឹងត្រែង)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បាននាំដំណឹងដ៏ពិសេសប្រាប់ ជនរួមជាតិកម្ពុជាឲ្យដឹងថា អាស៊ានបានជ្រើសរើសយកបុណ្យទន្លេ បុណ្យសមុទ្រ អង្គរសង្ក្រាន្ត បុណ្យអុំទូក ការរត់ពាក់កណ្តាល ម៉ារ៉ាតុងអង្គរបស់ខ្មែរ ដាក់បញ្ចូលក្នុងយុទ្ធនាការផ្សព្វផ្សាយ «ASEAN@50» របស់ខ្លួន។
ព័ត៌មាននេះត្រូវបានលោករដ្ឋមន្ត្រី លើកឡើងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេជាផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើទឹកដីខេត្តស្ទឹងត្រែង ដែលជាខេត្តសម្បូរធនធានសក្តានុពល អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន្ត និងទន្លេស្រែពក ព្រមទាំងវប្បធម៌ជាតិជនដើមភាគតិច ដែលជាសក្តានុពល យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសានមួយនេះ។
លើសពីនេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យ ទន្លេនេះមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃតំបន់ជាប់ដងទន្លេកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ ដល់ការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជាប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផល ប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម វប្បធម៌ និងការអភិវឌ្ឍ។
លោក ថោង ខុន បានឲ្យដឹងថា ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរ ដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេសចរណ៍តាមនាវា ការជំរុញការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម និងផលិតផលក្នុងតំបន់ និងការអប់រំយល់ដឹងជាសាធារណៈ ដល់ប្រជាពលរដ្ធមូលដ្ឋាន អំពីសារៈប្រយោជន៍នៃធនធានតាមដងទន្លេ និងអំពីទស្សនាទាន «ស្អាត បៃតង និងការជួយអភិវឌ្ឍន៍ សហគមន៍ និងប្រជាជនរស់នៅតាមដងទន្លេ» ជាពិសេសលើកកម្ពស់ ការអភិវឌ្ឍទីក្រុងតាមដងទន្លេ ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «បុណ្យទន្លេក៏ត្រូវបានអាស៊ានដាក់បញ្ចូលក្នុងយុទ្ធនាការណ៍ផ្សព្វផ្សាយ ASEAN@50 រួមទាំងបុណ្យ សមុទ្រ អង្គរសង្ក្រាន្ត ពិធីបុណ្យអុំទូក និងការរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរ»។
សូមជម្រាបថា ពិធីបុណ្យទន្លេត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រ ពិពិធកម្មផលិតផលទេសចរណ៍ របស់រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ គុណភាពសេវាកម្មទេសចរណ៍បំផុសមហាជន ក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាមួយប្រទេសជាមិត្ត ជាពិសេសក្នុងក្របខណ្ឌតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាម-ឡាវ (CLV-DTA) ក្របខណ្ឌមហាអនុ តំបន់មេគង្គ (GMS) និងមេគង្គ-ជប៉ុន ជាដើម។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង៣ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ បានបេ្តជ្ញាចិត្តជំរុញការអភិវឌ្ឍតំបន់ ត្រីកោណអភិវឌ្ឍនេះ ឱ្យក្លាយជាប៉ូលពាណិជ្ជកម្ម និងទេសចរណ៍ ប្រកបដោយថាមភាពដ៏សំខាន់មួយរវាងប្រទេសទាំង៣៕