(ភ្នំពេញ)៖ ក្រុមហ៊ុន ELT Education បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន IIG Education Cambodia នៅសាលសន្និសីទ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិកាលពីពេលថ្មីៗនេះ ក្នុងគោលបំណង៣សំខាន់ៗគឺ ទី១៖ ការសិក្សា និងការធ្វើតេស្តភាសាអង់គ្លេសកម្រិតអន្តរជាតិ ទី២៖ ការសិក្សា និងការធ្វើតេស្តកុំព្យូទ័រកម្រិតអន្តរជាតិ និងទី៣៖ កម្មវិធីសម្រាប់ សិក្សាភាសាអង់គ្លេសតាមទូរសព្ទដៃ អាយភែត ឬកុំព្យូទ័រ។
ពិធីនេះធ្វើឡើងដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង ក្មួយៗ សិស្ស-និស្សិត ជាច្រើនកុះករ ក្រោមអធិបតីភាពលោកស្រី ជា នាងអេង អគ្គនាយិកាក្រុមហ៊ុន អ៊ី.អិល.ធី. អេឌ្យូខេសិន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ និង លោក លី វាសនា នាយកគ្រប់គ្រងក្រុមហ៊ុន អាយអាយជី អេឌ្យូខេសិន ខេមបូឌា ។
លោកស្រី ជា នាងអេង អគ្គនាយិកាក្រុមហ៊ុន អ៊ី.អិល.ធី. អេឌ្យូខេសិន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ បានឱ្យដឹងថា គោលបំណងរបស់អនុស្សរណៈយោគយល់ គឺដើម្បីលើកកម្ពស់កម្រិតស្តង់ដារអប់រំរបស់ក្រុមហ៊ុន មួយកម្រិតទៀត ឱ្យតាមទាន់ការវិវត្តផ្នែកអប់រំរបស់សកលលោក ដើម្បីផ្តល់ឱកាសដល់ ក្មួយៗ សិស្ស-និស្សិតក្នុងការកសាងសមត្ថ-ភាព ស្របតាមតម្រូវការក្នុងតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថាក្រុមហ៊ុន អ៊ី.អិល.ធី. អេឌ្យូខេសិនមានសេវាកម្មអប់រំធំៗចំនួន៣រួមមាន៖
*វិទ្យាស្ថានអប់រំភាសាអង់គ្លេស (ELT Institute)
*សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ (CamIU)
*សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី.អិល.ធី (EESS ឬ ELT School)៕