(ភ្នំពេញ)៖ កីឡាចំនួន១១ប្រភេទ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាជំនាញនីមួយៗ រៀបចំអស់ហើយ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៣ ថ្ងៃទី២ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ នៅខេត្តស្ទឹងត្រែង ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរចូលទស្សនាកម្សាន្ដក្នុងព្រឹត្តិការណ៍នេះ ពិសេសគឺការប្រកួត កីឡាចំបាប់មហាជន និងបាល់ទាត់មិត្តភាពអន្ដរជាតិកម្ពុជា-ឡាវ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា នេះគឺជាឆ្នាំទី៣ហើយ ដែលសហព័ន្ធបញ្ជូនមន្ដ្រីបច្ចេកទេសមករៀបចំការប្រកួតជាលក្ខណៈមហាជន ដោយបើកសេរីឲ្យប្រជាពលរដ្ឋចាស់ក្មេង-ប្រុសស្រីចូលរួម ដើម្បីបង្កបរិយាកាសសប្បាយរីករាយក្នុងពិធីបុណ្យទន្លេ ។ ឆ្នាំនេះ ទទួលអ្នកចូលរួមប្រកួតសរុបចំនួន ៤៥គូ ក្នុងនោះក៏មានស្រ្ដីចូលរួមប្រកួតផងដែរ ។
ចំណែកការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ឡាវថ្ងៃទី២ នៃបុណ្យទន្លេនេះវិញ គឺក្រុមបាល់ទាត់មកពីខេត្តចំប៉ាសាក់ របស់ឡាវ បានបំបាក់ក្រុមវ័យចាស់ម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ដោយលទ្ធផល ៧-០ ។ នេះជាការបរាជ័យលើកទី២ របស់ក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ក្រោមថ្វីជើងក្រុមភ្ញៀវខេត្តចំប៉ាសាក់ ខណៈកាលពីម្សិលមិញ ក្រុមយុវជនក្រុមចំប៉ាសាក់ យកឈ្នះក្រុមខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣-២ ។ ប៉ុន្ដែការប្រកួតនេះ ក៏ទទួលបានការគាំទ្រពីមហាជនជាច្រើនដែរ។
ដោយឡែកកីឡាចំនួន ៩ប្រភេទ បានបញ្ចប់ការប្រកួតជាស្ថាពរហើយគិតត្រឹមថ្ងៃទី២នេះ រួមមានកីឡារត់លក្ខណៈកម្សាន្ដ, ជិះកង់, ប្រដាល់គុនខ្មែរ, ចំបាប់, ល្បុក្កតោ, ទាញព្រ័ត្រ, វាយសី, ទូកកានូ និងកីឡារាំ ។ រីឯការប្រកួតបន្ដការ ប្រកួតនៅ ថ្ងៃចុងក្រោយ នៃពិធីបុណ្យទន្លេ លើកទី៣ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ រួមមានកីឡាបាល់ទាត់ និងកីឡាបាល់ទះ ៕