(កំពត)៖ អតីតតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មណ្ឌលកំពត លោក វ៉ាន សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោក គណបក្សប្រឆាំងតទៅទៀត ដែលពូកែខាងតែឃោសនាញុះញង់ លាបពណ៌ និងសន្យាខ្យល់នាំ ឲ្យសង្គមជាតិ បែកបាក់ប៉ុណ្ណោះ។
ការអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំងរូបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ស្វែងយល់ ពីបញ្ហា ប្រឈមនានា និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅវត្តអង្គជុំដំបងដែកភូមិភ្នំក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះក៏មានការចូលរួម និងអមដំណើរដោយលោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល លោក កែវ ហុកលី ទីប្រឹក្សារដ្ឋាភិបាល លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ស្រុក ឃុំ និងមូលដ្ឋានដែលពាក់ព័ន្ធមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើន នាក់ផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក វ៉ាន សំអឿន ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសន្តិភាពពេញលេញ ស្ថេរភាព មានការរីកចម្រើនលើគ្រប់វិស័យ ជីវភាព រស់នៅរបស់ប្រជាជន កាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានការភ័យខ្លាច ដូចសម័យសង្រ្គាមនៅក្នុងរបប លន់នុល និងប៉ុលពតឡើយ។
លោកបញ្ជាក់ថា «សង្គ្រាមនាំមកនូវភាពមហន្តរាយ របួស ស្លាប់បាត់បង់ជីវិត ព្រាត់ប្រាស់ពីគ្រួសារ គ្មានក្តីសុខ មិនបានបរិភោគគ្រប់គ្រាន់ មិនមានឱកាសបានរៀនសូត្រ ធ្វើការ ឬប្រកបមុខរបររកស៊ី អាចធ្វើឲ្យជីវភាពរស់ នៅបានប្រសើរឡើយ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ។ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ខ្ពស់ និងស្នាដៃធំៗជាច្រើនដូចជា៖ ពន្លត់ភ្លើងសង្គ្រាម កសាងសន្តិភាព អភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ រហូតដល់មាន ការរីកចម្រើនលើគ្រប់វិស័យ មានអ្វីៗគ្រប់យ៉ាង ដូចសព្វថ្ងៃ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានធ្វើកំណែទំរង់ ជាច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋ ដូចជា៖ ការផ្តល់សេវាសាធារណៈឲ្យបានលឿន តម្លាភាព និងសម្រួលពន្ធប្រថាប់ត្រាដោយ ឥតគិតថ្លៃ សម្រួលបញ្ចុះអត្រាការប្រាក់ របស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ បញ្ចុះតម្លៃអគ្គីសនី តម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ។ល។»។
សម្រាប់អតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅវិញទេ ដែលខ្វះធនធានមនុស្ស ពូកែតែខាង ឃោសនា សន្យាខ្យល់ កុហក់ បោកប្រាស់ប្រជាពលរដ្ឋដែលបានជួយឧបត្ថម្ភសម្រាប់បង្កើតទូរទស្សន៍ ព្រះអាទិត្យ និងការធ្វើបាតុកម្ម បែរទៅទិញរថយន្ត ទិញចំការម្រេច ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ CNRP ពុំមានគោលដៅ ច្បាស់លាស់ មិនគិតពីប្រយោជន៍ ជាតិជាធំទេ គឺមានតែបក្សពួកគ្រួសារនិយម និងអំពើពុករលលួយតែប៉ុណ្ណោះ។
លោកបានលើកឡើងថា លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ តែងតែដើញុះញង់ លាបពណ៌ បំបែកបំបាក់ ធ្វើឲ្យខ្មែរ បែកបាក់សាមគ្គី ដឹកនាំធ្វើបាតុកម្មធ្វើឲ្យរាំងស្ទះដល់ការរីកចម្រើនរបស់ប្រទេសជាតិ ដើរស្នើសុំមិនឲ្យបរទេស ឈប់ទិញ សំលៀកបំពាក់ខ្មែរ ឲ្យបរទេសផ្តាច់ជំនួយមិនឲ្យជួយខ្មែរ។ ទាំងអស់នេះគឺជាអំពើអាក្រក់បំផ្លាញជាតិ របស់អតីតមេបក្សរូបនេះ។
លោកថា «អ្នកចង់ឈរឈ្មោះជាតំណាងរាស្រ្ត គឺត្រូវសូកប៉ាន់រាប់ម៉ឺនដុលា្លរ អ្នកចង់ឈរជាមេឃុំត្រូវសូកប៉ាន់រាប់ពាន់ដុល្លារ ហើយប្រធានក្រុមការងារតាមខេត្តនីមួយៗ ត្រូវចេះរកផលប្រយោជន៍ឲ្យប្រធាន អនុប្រធាន និងមនុស្សសំខាន់ៗក្នុងបក្ស។ បើជឿ CNRP ប្រទេសជាតិចលាចល កើតកលយុគមិនខាន។ ខ្លះគេថា ចង់ប្តូរ ប៉ុន្តែខ្ញុំគិតថា ប្តូរមិនបានទេ ព្រោះគណបក្សសង្គ្រោះជាតិ ពុំមានសមត្ថភាពដឹកនាំប្រទេសជាតិបានទេ»។
ជាមួយគ្នានេះ លោក វ៉ាន សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ យុវជនសូមជៀសផុត គ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ ចូលរួមចំណែកអភិវឌ្ឍប្រទេស និងថែរក្សាសន្តិភាពនៅកម្ពុជា ឲ្យបានគង់វង្ស តរៀងទៅមានសន្តិភាព ទើបមានការអភិវឌ្ឍ។ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្រឡាញ់ប្រទេស ជាតិជាធំមានតែ សម្តេចតេជោទេ ទើបស្រឡាញ់ប្រទេសជាតិពិតប្រាកដ មានតែសម្តេចតេជោទេ ទើបអាចដឹកនាំប្រទេស រក្សាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបាន៕