(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការតាមបង្ក្រាប ក្រុមចោរប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន បានចំនួន២នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានកើតមានឡើង បន្ទាប់ពីជនសង្ស័យបានប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងនៅភូមិតាយុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកមិញ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ថា «ក្រោយប្លន់ម៉ូតូនៅស្រុកភ្នំស្រួចបានហើយ ចោរបានជិះម៉ូតូជនរងគ្រោះ សំដៅទៅខេត្តកំពត។ ក្រោយទទួលបានព័ត៌មានអំពីករណីប្លន់នេះ កម្លាំងនគរបាលខេត្តកំពត បានជួយស្ទាក់ក្នុងភូមិសាស្រ្ត ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្រាប់តែជនល្មើស បានត្រឡប់មកខេត្តកំពង់ស្ពឺវិញ ហើយត្រូវបានសមត្ថកិច្ចខាងខេត្តកំពង់ស្ពឺចាប់បាន នៅមុខអធិការដ្ឋាន នគរបាលស្រុកគងពិសីតែម្តង»។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនល្មើសដែលឃាត់ខ្លួនបាននៅខេត្តកំពង់ស្ពឺឈ្មោះ ម៉ៅ គឹមអេង ហៅចន អាយុ៣៨ឆ្នាំ កំណើតនៅភូមិចំលងជ្រៃ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានដកម៉ូតូដែលប្លន់ម៉ាក C125-2017 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-6919)។
លោកស្នងការបានបន្តថា «បន្ទាប់មក យើងខ្ញុំបានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ង៉េង ជួ និងលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ចាប់បានគូរគនម្នាក់ទៀត កំពុងយកម៉ូតូទៅលក់នៅភ្នំពេញ នៅគល់ស្ពានស្ទឹងមានជ័យ។ ជនសង្ស័យឈ្មោះ ចាន់ រត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់បណ្តោះអាសន្ន នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។
សម្រាប់ការឃាត់ជនសង្ស័យរូបនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានដកហូតបានម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ពាក់ស្លាកលេខAK-4747 ភ្នំពេញ ដែលជិះធ្វើសកម្មភាពកន្លងមកនៅខេត្តកំពត។ ក្រោយការចាប់ខ្លួន នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បាននាំជនសង្ស័យទៅយកអាវុធ ដែលបានលាក់ទុកផងដែរ។
សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបាននាំយកទៅសួរនាំបន្តនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត៕