(ស្ទឹងត្រែង)៖ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានអញ្ជើញចូលជាអធិបតីភាពប្រកាសបើក ពិធីបុណ្យទន្លេលើកទី៣ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅមុខសាលាខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឡូយ សុផាត អ្នកតំណាងមណ្ឌលស្ទឹងត្រែង លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀតផងដែរ។
ព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០១៧នេះត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមីនា ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»។
នៅថ្ងៃទី២៥នេះផងដែរ ក៏មានកម្មវិធីកីឡាប្រណាំងកង់ នៅមាត់ទន្លេសេកុង ការប្រកួតកីឡាបាល់ទះកម្ពុជា-ឡាវ ការតាំងពិព័រណ៍កសិ-ទេសចរណ៍ និងផលិតផលខ្មែរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រណាំងទូកកាណូត ប្រដាល់គុនបុរាណខ្មែរ គុនល្បុក្កតោ ចំបាប់បុរាណ ល្បែងប្រជាប្រិយទាញព្រ័ត្រ ការសម្ដែងសិល្បវប្បធម៌ ការប្រគំតន្រ្តី និងបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ រហូតដល់ម៉ោង១១យប់។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នៅថ្ងៃដំបូង នៃពិធីបុណ្យទន្លេលើកទី៣នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលរួមទស្សនាកម្សាន្ត ជាង៣ម៉ឺននាក់៕