(ភ្នំពេញ)៖ វាជាការគួរឲ្យអស់សំណើចខ្លាំងណាស់ និងសូម្បីកូនក្មេងក៏មិនអាចទទួលយកបានដែរ នៅពេលដែលវិទ្យុមួយជ្រកក្រោមស្លាក «មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ» លើកយករឿងការស្ទង់មតិដែលគ្មានប្រភពច្បាស់លាស់ ជាពាក្យចចាមអារាម មកផ្សព្វផ្សាយជាសាធារណៈ។ តើគេអាចចាត់ទុកថាវិទ្យុវីអូឌី ជាប្រព័ន្ធផ្សាយព័ត៌មានបែបណានៅពេលដែល ខ្លួនសរសេរដកស្រង់សម្តី មនុស្សម្នាក់ដែលថា «ខ្ញុំលឺគេថា មានការស្ទង់មតិរបស់អង្គការបរទេសមួយដែលបង្ហាញថា គណបក្សប្រឆាំងឈ្នះបានអាសនៈ៦០%»។
ព័ត៌មានបែបនេះត្រូវបាន វីអីឌី ចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួនជាសាធារណៈ។ អ្វីដែលគួរអស់សំណើចមួយទៀតគឺ វីអូឌី បញ្ចេញឈ្មោះអ្នកនិយាយគឺ លោក យឿង សុធារ៉ា ដោយបញ្ជាក់ថា ជាមន្ត្រីបោះឆ្នោតតែសុំមិនបញ្ចេញឈ្មោះស្ថាប័ន។ នេះជាររបៀបសរសេរបែបកូនក្មេង៖ មិនបញ្ជាក់ស្ថាប័ន តែបញ្ចេញឈ្មោះ???? ទំនងជារអៀសខ្លួនពេក យឿង សុធារ៉ា ក៏ចេញមុខ Comment ថា នេះជាយោបល់ផ្ទាល់ខ្លួនមិនមែនជារបស់ស្ថាប័នទេ! ប៉ុន្តែ ស្មានតែគេមិនដឹងឬថា ខុមហ្វ្រែលជាអ្វី? បន្ទប់ស្ថានការណ៍ជាអ្វី?
ព័ត៌មានដែល វីអូឌី យកមកផ្សាយនេះ សូម្បីអ្នកដែលមិនបានរៀនវិជ្ជាជីវៈសារព័ត៌មានសោះក៏អាចយល់បានដែរថា ជាព័ត៌មានមិនអាចយកជាការបាន គឺអន់ជាងក្មេងលេងហ្វេសប៊ុកមួយចំនួនទៅទៀត។ ចំណុចដែលហៅថា អន់គឺនៅត្រង់ថា អត្ថបទនេះសរសេរដោយស្រង់ប្រភពអាចាមអារាម គ្មានមូលដ្ឋានទាល់តែសោះ គ្មានការផ្ទៀងផ្ទាត់ គ្មានមនៈសិការវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវជាអ្នកសារព័ត៌មានតែបន្តិចក៏គ្មានផង។ ម្យ៉ាងទៀត សូម្បីរបៀបសរសេរលាក់ប្រភពក៏មិនចេះផង៖ លាក់ស្ថាប័ន តែបញ្ចេញឈ្មោះមនុស្សុនេះគេហៅថា លាក់មុខតែគូថនៅកណ្តាលវាល!សូម្បីតែស្ថាប័នព័ត៌មានមួយដែលមានកម្រិតវិជ្ជាជីវៈទាបបំផុតក៏មិនអាចសរសេររឿងបែបនេះបានដែរ និងសូម្បីតែអ្នកលេងហ្វេសប៊ុកសាមញ្ញម្នាក់ ក៏មិនអាចផុសព័ត៌មានបែបនេះបានដែរ! បើនៅស្រុកគេវិញ ការសរសេរព័ត៌មានបែបនេះ ទាំងអ្នកសរសេរ ទាំងប្រធានស្ថាប័នមានជម្រើសតែពីរគត់គឺ ទី១៖ ចេញមុខសុំទោសជាសាធារណៈ និងត្រូវចុះលិខិតសុំទោសនេះក្នុងសារព័ត៌មានរបស់ខ្លួនទៀតផង។ ទី២៖ គឺត្រូវលាចេញពីមុខតំណែង។ នេះបើគេនិយាយពីការទទួលខុសត្រូវផ្នែកសីលធម៌ និងវិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន ឬជាស្ថាប័នសារព័ត៌មានអាជីព។
ប៉ុន្តែវាមិនចម្លែកទេដែល វីអូឌី សរសេរព័ត៌មានបែបនេះហើយនេះ ក៏មិនមែនជាលើកទី១នោះដែរ។ នរណាក៏ស្គាល់ដែរថា វីអូឌី ដឹកនាំដោយលោក ប៉ា ងួនទៀង ជាអ្វី? ប៉ា ងួនទៀង គឺជាមនុស្សជំនិតម្នាក់របស់លោក កឹម សុខា តាំងពីនៅធ្វើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកម៉្លេះ។ ក្រោយមកពេលលោក កឹម សុខា ហក់ចូលក្នុងនយោបាយ ក្រុមនេះក៏បំបែកគ្នាដើម្បីធ្វើសកម្មភាព។ ប៉ា ងួនទៀង ទោះបីជាមិនប្រកាសខ្លួនថា ជាអ្នកនយោបាយ ប៉ុន្តែបុរស របិញរបុញម្នាក់នេះ គ្រាន់តែជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលដើម្បីជួយលោក កឹម សុខា តែប៉ុណ្ណោះ ស្របតាមយុទ្ធសាស្ត្រដែលលោក កឹម សុខា ធ្លាប់បានប្រើរួចហើយនោះ គឺការយកសង្គមស៊ីវិលជាខែលដើម្បីធ្វើនយោបាយ។
ហេតុអ្វីបានជា វីអូឌី ផ្សាយរឿងបែបនេះ? វីអូឌីក្តី វិទ្យុអាស៊ីសេរីក្តី វីអូអេក្តី ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាវិទ្យុទទួលលុយពីបរទេសដែលមានគោលដៅបង្កវិទ្ធង្សនាក្នុងសង្គមខ្មែរដើម្បីជួយបក្សប្រឆាំង។ ការចុះផ្សាយរឿងរាក់កំភែលគួរឲ្យអស់សំណើចបែបនេះ ក៏ព្រោះតែវិទ្យុនេះចង់ជួយស្តារមុខមាត់បក្សសង្គ្រោះជាតិ ដែលកំពុងជាប់ផុងយ៉ាងជ្រៅទៅក្នុងវិបត្តិផ្ទៃក្នុង ជាពិសេសគឺអង្គសមាជដែលធ្វើឡើងកាលពីថ្ងៃទី ២ មីនា ដើម្បីរើសលោក កឹម សុខា ឲ្យធ្វើប្រធាន និងអនុប្រធានបីនាក់ទៀតនោះត្រូវបាន ក្រសួងមហាផ្ទៃប្រកាសថា ខុសលក្ខន្តិកៈនៃគណបក្សរបស់ខ្លួន។ នេះជារឿងធំធេងណាស់ដែលធ្វើឲ្យវីអូឌីស្លន់ស្លោ ខ្លាចបាត់តំណែងលោក កឹម សុខា រហូតភ្លេចគិតរឿងវិជ្ជាជីវៈសរសេរអត្ថបទដូចកូនក្មេងបៀមដៃ។
គោលដៅរបស់គេគឺទី១៖ បង្វែរការចាប់អារម្មណ៍របស់សាធារណៈជនចេញពីកំហុសដ៏ធំធេងរបស់គណបក្សសង្គ្រោះជាតិ និងទី២៖ដើម្បីបំពុលបរិយាកាសសង្គមមុនពេលបោះឆ្នោតតាមយុទ្ធសាស្ត្រ «បំពុលទឹកដើម្បីចាប់ត្រី» ក្រែងអាចជួយកែកុនបក្សប្រឆាំងមួយនេះបានខ្លះនៅនាទីចុងក្រោយ។ ប៉ុន្តែ នេះជាការស្រមៃស្រមៃរបស់ពួកគេតែប៉ុណ្ណោះ។ តាមពិតព័ត៌មានបែបនេះ សូម្បីតែគិតសាមញ្ញៗ ដោយមិនបាច់វិភាគស៊ីជម្រៅក៏គេមើលឃើញ ច្បាស់ក្រឡែតថា គណបក្សសង្គ្រោះជាតិពេលនេះ មានស្ថានភាពប្រៀបបាននឹងព្រះអាទិត្យហៀបអស្តង្គតទៅហើយ។ មូលហេតុងាយៗមានដូចតទៅ៖
ទី១៖ បក្សសង្គ្រោះជាតិកំពុងជួបវិបត្តិក្បាលម៉ាស៊ីនដឹកនាំយ៉ាងធ្ងន់ធ្ងរ៖ មេបក្សធំរបូតអំណាចចេញពីដៃ ខណៈដែលមេបក្សតូចមានតែបីកៅអីជាដើមទុន បានឡើងអង្គុយកៅអីជំនួសមេបក្សធំយ៉ាងគ្រហើរៗ តាមរយៈអង្ សមាជខុសលក្ខន្តិកៈនិងបំពានច្បាប់។ ឥឡូវនេះក្រសួងមហាផ្ទៃមិនទទួលស្គាល់ សុពលភាពគណបក្សនេះទេ។ គឺជារឿងធំធេងណាស់ដែលត្រូវដោះស្រាយខណៈដែលការបោះឆ្នោតកាន់តែកៀក។
ទី២៖ ផ្ទៃក្នុងបក្សសង្គ្រោះជាតិកំពុងបែកបាក់ រង្គោះរង្គើតាំងពីលើដល់ក្រោម។ ភាគីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្សកាន់តែសង្គ្រឺតធ្មេញដាក់គ្នា កាន់តែខ្លាំងចាប់តាំងពីលោក កឹម សុខា ឡើងធ្វើមេបក្សជំនួសលោក សម រង្ស៊ី។ បន្ថែមពីលើនេះ ការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំ-ចៅសង្កាត់ ដែលធ្វើឡើងតាមបក្ខពួកខ្សែស្រឡាយ និងតាមទឹកលុយនោះកំពុងដុតកម្តៅបន្ថែម ការបែកបាក់ចេញពីថ្នាក់មូលដ្ឋានថែមទៀត។ ការបែកបាក់ទាំងលើទាំងក្រោមនេះ កំពុងធ្វើឲ្យបក្សប្រឆាំងមួយនេះចុះដុនដាបយ៉ាងខ្លាំង។
ទី៣៖ ពេលនេះកម្លាំងសង្គ្រោះជាតិបែកចេញជាច្រើនបំណែក៖ មួយចំនួនងាកមកចូលជាមួយ គណបក្សប្រជាជនកម្ពុជា មួយចំនួនទៀតងាកទៅគាំទ្រគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់ លោក ម៉ម សូំណង់ដូ មួយចំនួនទៀតទៅចូលជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខណៈដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ក៏ទាញមនុស្សបានកាន់តែច្រើនផងដែរ។ ដូច្នេះតើយកលេខអ្វីមកបូកដើម្បីឲ្យឃើញថា សង្គ្រោះជាតិនឹងឈ្នះ៦០%នោះ? និយាយឲ្យចំតែម្តងទៅ បក្សសង្គ្រោះជាតិពេលនេះ សូម្បីខ្លួនឯងក៏មិនប្រាកដថា អាចសង្គ្រោះបានផង។ ដូច្នេះមិនបាច់មកបោកគេទេ វីអូឌី!!! ហើយក៏សូមរំលឹកលោក ប៉ាង ងួនទៀងផងដែរ បើមុនប្រឌិតរឿងស្ទង់មតិនៅលើកក្រោយទៀត សូមកុំភ្លេចមើលច្បាប់បោះឆ្នោត និងជាពិសេសច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ធាភិបាលដែល កំពុនៅជាធរមាន។
ដោយ៖ ប៊ូឡាំ សាន