(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានចេញមុខការពារផលិតផលសាច់សត្វរបស់ប្រទេសអាមេរិកឡាទីនមួយនេះ ដោយអះអាងថា «ជាសាច់ល្អបំផុតលើលោក» ខណៈប្រទេសវៀតណាមបានសម្រេចផ្អាកការនាំចូលជាបណ្តោះអាសន្ន រីឯទីក្រុងហុងកុងក៏ធ្វើដូចគ្នានេះផងដែរ ក្រោមការលើកឡើងថា សាច់សត្វនាំចូលពីប្រទេសប្រេស៊ីលមានផ្ទុកសារធាតុមិនល្អ ដែលអាចបង្កជាជំងឺបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
ប្រទេសវៀតណាមដែលនាពេលថ្មីៗនេះ បានធ្វើការផ្អាកជាផ្លូវការនូវការនាំចូលសាច់ រួមទាំងផលិតផលបសុសត្វ និងបសុបក្សី ពីកសិដ្ឋានក៏ដូចជារោងចក្រចំនួន២១កន្លែងរបស់ប្រទេសប្រេស៊ីល ដែលកំពុងស្ថិតក្រោមការសង្ស័យថា បានប្រើប្រាស់សារធាតុពុំមានអនាម័យ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន People នៅថ្ងៃសុក្រនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក៏បានស្នើឲ្យនាយកដ្ឋានសុខភាពសត្វធ្វើការតាមដាន ក៏ដូចជាត្រួតពិនិត្យឲ្យបានដិតដល់ផងដែរ ទៅលើផលិតទាំងនោះដែលបាននាំចូលពីប្រទេសប្រេស៊ីលនាពេលមុនៗ ហើយត្រូវផ្តល់ដំណឹងជាបន្ទាន់នៅក្នុងករណីដែលរកឃើញផលិតផលមានប្រភពចេញពីរោងចក្រទាំង ២១នោះ។
គួរបញ្ជាក់ដែរថាវៀតណាមបានធ្វើការនាំចូលផលិតផលសាច់ប្រមាណ ៣,០០០តោនពីប្រេស៊ីលគិតចាប់តាំងពីដើមឆ្នាំ២០១៧នេះ ដែលវាគឺជាចំនួនតិចតួចនោះទេ បើធៀបទៅនឹងផលិតផលសាច់ជិត ០៦លានតោន ដែលប្រទេសអាមេរិកឡាទីនមួយនេះបាននាំចេញជារៀងរាល់ឆ្នាំ។ ដោយឡែកនាពេលថ្មីៗកន្លងទៅនេះ វៀតណាមក៏បានជួបប្រទះបញ្ហាធ្ងន់ធ្ងរមួយផងដែរ បន្ទាប់ពីប្រទេសអូស្រ្តាលីបានសម្រេចផ្អាកការនាំចូលសត្វបង្គារពីប្រទេសរបស់ខ្លួន ដោយសង្ស័យថាជាប្រភពបង្កជំងឺរាតត្បាត៕